ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារតាមបណ្ដាលនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃចន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារតាមបណ្ដាលនាយកដ្ឋាន រួមមាន នាយកដ្ឋានច្រកទ្វារទី១ នាយកដ្ឋានច្រកទ្វារទី២ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបចេ្ចកវិទ្យា នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំកិច្ចក៏មានអញ្ជេីញចូលរួមពី ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម-លោកជំទាវ អគ្គនាយករង ទទួលបន្ទុក លោកប្រធាននាយកដ្ឋាន លោក-លោកស្រី អនុប្រធាននាយកដ្ឋាន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ នាយ-នាយរងការិយាល័យ ចំណុះពាក់ព័ន្ធនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ជាកិច្ចចាប់ផ្ដេីម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ មានមតិបេីកកិច្ចប្រជុំ និងអនុញ្ញាតឱ្យ លោកប្រធាននាយកដ្ឋានចំណុះពាក់ព័ន្ធ ធ្វេីសេចក្ដីរាយការណ៍ អំពីដំណេីរការ របាយការណ៍ និងជំនាញកិច្ចការច្រកទ្វារអន្តរជាតិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជូន អង្គប្រជុំ។
បន្ទាប់មក លោកប្រធាននាយកដ្ឋានទាំងបីរូប ឡេីងធ្វេីសេចក្ដីរាយការណ៍លំអិតអំពីលទ្ធផលការងារ ដែលនាយកដ្ឋានសម្រេចបាននាពេលកន្លងមក ក្នុងនោះក៏មានបញ្ហាប្រឈម និងសំណូមពរមួយចំនួន។
មានប្រសាសន៍នាឱកាសនោះដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងអំណរគុណ និងកោតសរសេីរចំពោះឯកឧត្តម-លោកជំទាវ ជាអគ្គនាយករងទទួលបន្ទុក លោកប្រធាននាយកដ្ឋាន និងមន្រ្តីនៃនាយកដ្ឋានពាក់ព័ន្ធដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួននាពេលកន្លងមកបានល្អប្រសេីរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបន្តទៀតថា នាពេលចប្ចុប្បន្ននេះ ដេីម្បីសម្រួលការងារ ជាពិសេសការងារបចេ្ចកទេស ឱ្យកាន់តែល្អប្រសេីរបន្ថែមទៀត និងទាន់ពេលវេលា នាសម័យបច្ចេកវិទ្យានេះ គឺជាចំនុចមួយយ៉ាងសំខាន់ ដាច់ខាតត្រូវតែប្រេីប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នេះគឺជាស្នូសំខាន់មិនអាចខ្វះបាន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបន្តទៀតថាមន្រ្តីជំនាញដែលពាក់ព័ន្ធ ជាពិសេសមន្រ្តីនៅតាមបណ្ដាលច្រកទ្វារអន្តរជាតិ ត្រូវបន្តជំរុញជំនាញ បច្ចេកទេស បច្ចេកវិទ្យា និងភាសាបន្ថែមជានេះទៀត ដេីម្បីឱ្យកាន់តែមានភាពងាយស្រួល ក្នុងពេលមប្រេីការងារ និងឱ្យកាន់តែមានភាពឆាប់រហ័ស រាល់ដំណេីរចេញចូល ទាំងភ្ញៀវជាតិ និងអន្តរជាតិ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានស្នេីរសុំទៅលោកនាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងអស់ ត្រៀមរៀបចំកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធអ៉ីនធ៉ីណែតនាពេលខាងមុខ ដេីម្បីឱ្យទាន់ពេលវេលាដែលថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃបានប្រគល់ជូន។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានមតិបូកសរុប ដោយបានកែសម្រួលខ្លឹមសារមួយចំនួន និងស្នេីដល់អគ្គនាយករង ប្រធាននាយកដ្ឋានពិនិត្យ និងកែសម្រួល នូវបញ្ហាប្រឈមបន្ថែមទៀត ដេីម្បីរៀបចំឱ្យកាន់ប្រសេីរជាងនេះ ៕
