ប្រធាន ក.ប.ប ខេត្តត្បូងឃ្មុំ ប្រជុំត្រួតពិនិត្យ និងលើកទិសដៅការងារ និងដុតកម្ទេចចោលទំនិញខូចគុណភាព ១,៤៩២គីឡូក្រាម

ភ្នំពេញ៖ នៅស្នាក់ការសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាក.ប.ប ខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងលើកទិសដៅកំណត់ផែនការសកម្មភាពការងារប្រចាំខែ និងលើកទិសដៅការងារបន្តសម្រាប់ ឆ្នាំ២០២៣ និងបានដុតកម្ទេចចោលទំនិញខូចគុណភាព ១,៤៩២ គីឡូក្រាម ក្រោយដកហូតពីអាជីវករលក់ដូរតាមផ្សារនានាក្នុងខេត្ត ដោយមានការចូលរួមពីសំណាក់អនុប្រធាន សាខា និងមន្ត្រី ក.ប.ប. ខេត្ត ជាច្រើនរូបផងដែរ ។
នាឱកាសនោះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាក.ប.ប ខេត្ត បានដាក់ផែនការ ក្នុងការចុះផ្សព្វផ្សាយ តាមបណ្តាសាលារៀន តាំងមេត្តេយ្យសិក្សា ដល់ឧត្តមសិក្សា នានា នៅក្នុងខេត្តត្បូងឃ្មុំ ស្តីពីសុវត្ថិភាពម្ហូបអាហារ ដោយធ្វើការអប់រំផ្សព្វផ្សាយ ដល់ សិស្ស និស្សិត អ្នកលក់ដូរក្នុងសាលា និងលោកគ្រូ អ្នកគ្រូ ក្នុង ០១ខែ អោយបានយ៉ាងតិច ០២លើក ដើម្បីបញ្ជ្រាបការយល់អំពីចំណីអាហារ ជ្រើសរើសយកចំណីអាហារណាល្អ សម្រាប់ បរិភោគ ឱ្យមានស្តង់ដាចំណីអាហារច្បាស់លាស់ និងគុណភាពត្រឹមត្រូវ ជាពិសេសកុំប្រើប្រាស់ចំណីអាហារណាដែលហួសសុពលភាព និងគ្មានកាលបរិច្ឆេតច្បាស់លាស់ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ។
លោកប្រធាន ក.ប.ប ខេត្ត បានជម្រុញដល់មន្រ្តីជំនាញ ក.ប.ប ខេត្ត ទាំងអស់ ត្រូវបង្កើនសកម្មភាពចុះត្រួតពិនិត្យ លើផលិតផលទំនិញ និងសេវានានា ដោយយកចិត្តទុកដាក់ ក្នុងការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងជាពិសេសតម្រង់ទិសធុរកិច្ចជន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីការប្រកួតប្រជែង និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ តាមរយៈក្រសួងពាណិជ្ជកម្ម ដែលតម្រូវអោយអាជីវករ សេវាករ និងពាណិជ្ជករ ទាំងអស់ អនុវត្តតាមច្បាប់ឱ្យមានប្រសិទ្ធភាព។
លោក សាន វិជ្ជាសារ៉ាវុធ បានគូសបញ្ជាក់ថា ទំនិញដែលខូចគុណភាព ដែលសាខា ក.ប.ប ខេត្ត បានធ្វើការដកហូតប្រមូលបាន នៅលើទីផ្សារ គេហដ្ឋានតាំងលក់ ហាងទំនើប និងទីកន្លែងផ្សេងទៀតទូទាំងខេត្តត្បូងឃ្មុំ គិតចាប់តាំងពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៣ មកនេះ មានចំនួនសរុប ១,៤៩២ គីឡូក្រាម ។ ជាក់ស្តែង នៅថ្ងៃនេះ បន្ទាប់ពីទទួលការអនុញ្ញាតពីសំណាក់ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ផលិតផល និងម្ហូបអាហារ ខូចគុណភាព ទាំងនេះ ត្រូវបានសមត្ថកិច្ចជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រួមសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានដុតកំទេចចោលរួចរាល់អស់ហើយ ។
បន្ថែមលើនេះ លោក សាន វិជ្ជាសារ៉ាវុធ បានអំពាវនាវដល់អាជីវករ ពាណិជ្ជករទាំងអស់ សូមប្រកបរកទទួលទានដោយរបរសុច្ចរិត គិតគូពីសុខភាពពលរដ្ឋទូទៅ សូមកុំនាំចូលនូវទំនិញដែលមន្ត្រីជំនាញបានហាមឃាត់ ដែលជាទំនិញធ្វើឲ្យប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ និងអ្នកបរិភោគ៕
