នាយករដ្ឋមន្ត្រី បញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង បន្ទាប់ពីមានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ។
តាមរយៈតេឡេក្រាមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់យ៉ាងដូច្នេះថា “ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យស្រាវជ្រាវជាមួយឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិតត្រូវធ្វើការកែសម្រួលភ្លាម”។
សម្តេចធិបតី បន្ថែមថា «ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»៕
