លោកសាស្ត្រាចារ្យ ក្លូស ស្វប់ អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស នាពេលឆាប់ៗនេះ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក បានគោរពអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខនេះ ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃពុធ ទី៦ កញ្ញានេះដែរ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអញ្ជើញនេះ ហើយសម្តេចធិបតី នឹងពិនិត្យលទ្ធភាពចូលរួម ដោយមានគណៈប្រតិភូ និង សមាគមធុរកិច្ចកម្ពុជាចូលរួមអមជាមួយផងដែរ ៕
