អភិបាលខេត្តតាកែវ នាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនពលរដ្ឋក្រីក្រខ្វះខាតចំនួន ២៥០គ្រួសារ នៅស្រុកព្រៃកប្បាស

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់ រាជរដ្ឋាភិបាលកម្ពុជា មកចែកជូនពលរដ្ឋ ងាយរងគ្រោះ រងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ និងពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ជាពិសេសពលរដ្ឋក្រីក្រខ្វះខាតចំនួន ២៥០គ្រួសារ ដែលមកពីតាមបណ្ដាឃុំ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូក្រាម សរុបចំនួន ៧,៥០០គីឡូក្រាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោក អ៉ិត សារ ប្រធានក្រុមប្រឹក្សាស្រុក លោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាស លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក និងបងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ។
សូមជម្រាបជូនដែរថា សម្រាប់ខេត្តតាកែវ គឺទទួលបានអង្ករសរុបចំនួន ៧៥,០០០គីឡូក្រាម សម្រាប់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាពិសេសពលរដ្ឋក្រីក្រខ្វះខាតចំនួន ២,៥០០គ្រួសារ នៅតាមបណ្ដាក្រុង ស្រុក ចំនួន១០ ក្នុងខេត្តតាកែវ ៕
