សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នាព្រឹកថ្ងៃស្អែកនេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។
ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីរង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គម្រោងនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានវែងឆ្លងកាត់ទន្លេបាសាក់ចំនួន២កន្លែង ប្រវែងសរុប ៩៩៦ម៉ែត្រ ដែលក្នុងនោះ ស្ពានខាងកើតមានប្រវែង ៦៣០ម៉ែត្រ និងស្ពានខាងលិច មានប្រវែង ៣៦៦ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្រ្តកោះអន្លង់ចិន និងត្រូវបានប្រសិទ្ធនាមថាជា «ស្ពានមិត្តភាពកម្ពុជា-ចិន កោះអន្លង់ចិន»។ បន្ថែមពីលើនេះ គម្រោងនេះក៏បានសាងសង់ផងដែរនូវស្ពានរំលង ឬស្ពានអាកាស(Flyover) ចំនួន ២កន្លែង ប្រវែងសរុប ៥៦៤ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ចំនួន ២កន្លែង ប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែងសរុប ៥៦៨ម៉ែត្រ, និងការរៀបចំទីតាំងសម្រាប់រថយន្តបត់ត្រឡប់ក្រោយ(U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ដោយបានប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង ២៧៣លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ៕

