អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញមន្ត្រីក្រោមឱវាទ ត្រូវតាមដានស្ថានភាព ដែលបង្កពីឥទ្ធិពលអាកាសធាតុអែលនីណូ
ភ្នំពេញ៖ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញទៅមន្ត្រីក្រោមឱវាទ ត្រូវតាមដានស្ថានភាព ដែលបង្កពីឥទ្ធិពលអាកាសធាតុអែលនីណូ ធ្វើឲ្យបណ្ដាខេត្តមួយចំនួន ជួបគ្រោះរាំងស្ងួត។
ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម បានជម្រុញបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៣ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា បន្ទាប់ពីព្យុះទី៤ បានអស់ឥទិ្ធពលមិនបង្កឱ្យមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គលើ ហើយក៏បានឱ្យទឹកទន្លេមេគង្គមានការកើនឡើងបន្តិចបន្តួច ដែលក្នុងនេះគិតត្រឹមថ្ងៃទី២៥ ខែកក្កដា នៅគ្រប់ស្ថានីយជលសាស្ត្រកម្ពស់ទឹកមានកម្រិតទាប ជាងឆ្នាំ២០២២ និងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ។
ឯកឧត្តមបន្តថា យោងតាមស្ថានភាពអាកាសធាតុ ដែលត្រូវបានព្យាករណ៍ ស្ថានភាពទឹកជំនន់ ទន្លេមេគង្គ ជាប្រភេទជំនន់តូចមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ហើយអាចនឹងមានការជន់លិច តែនៅតាមតំបន់ទំនាប តាមដងទន្លេប៉ុណ្ណោះ ចំពោះជំនន់ទឹកភ្លៀង អាចនឹងកើតមានដោយកន្លែង ក្នុងរយៈពេលខ្លី និងមិនមានលក្ខណៈធ្ងន់ធ្ងរទេ ដោយសារតែឥទិ្ធពលអាកាសធាតុអែលនីណូ ដែលមានភ្លៀងតិច ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញមន្រ្តីក្រោមឱវាទត្រូវបន្ត សហការ និងចូលរួម ជាមួយលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យតាមដានស្ថានភាពគ្រោះរាំងស្ងួត នៅតាមមូលដ្ឋាន សហគមន៍ងាយរងគ្រោះ ។
ឯកឧត្តម គន់ គីម បានជំរុញទៅមន្ត្រីពង្រឹងសមត្ថភាព និងលទ្ធភាព ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ចសហប្រតិបត្តិការជាមួយកង ប្រតិបត្តិការ រុករក និងសង្គ្រោះទាំង១៦កង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា និង អង្គការដៃគូ រួមទាំងរៀបចំផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ២០២៤-២០២៨៕
