លោក ពូទីន ថារុស្ស៊ីមិនបដិសេធការចរចាជាមួយអ៊ុយក្រែនទេ
ក្រុង Saint PETERSBURG៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីមិនបានបដិសេធការចរចាស្តីពីអ៊ុយក្រែនទេ ហើយថាគំនិតផ្តួចផ្តើមសន្តិភាពអាហ្វ្រិកក៏ដូចជាចិនអាចជាមូលដ្ឋានសម្រាប់សន្តិភាព។
លោកកំពុងថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីបានជួបមេដឹកនាំអាហ្វ្រិកក្នុងទីក្រុង St. Petersburg កាលពីថ្ងៃសុក្រ។
លោកក៏បានបញ្ជាក់ផងដែរថា វាពិតជាលំបាកក្នុងការអនុវត្តបទឈប់បាញ់ នៅពេលដែលកងទ័ពអ៊ុយក្រែនកំពុងវាយលុក ហើយថាមិនមានការផ្លាស់ប្តូរធ្ងន់ធ្ងរ និងមិនមានសកម្មភាពកាន់តែខ្លាំងឡើងលើជួរមុខអ៊ុយក្រែននាពេលនេះ។
លោកបានបន្តថា ប្រទេសអ៊ុយក្រែនបានបាត់បង់រថក្រោះចំនួន ៤១៥ គ្រឿង និងរថពាសដែកចំនួន ១,៣០០ គ្រឿងចាប់តាំងពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែចំនួនដែលលើកឡើងដោយលោកពូទីនមិនអាចផ្ទៀងផ្ទាត់បានទេ។
លោកពូទីនបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថាគ្មាននរណាម្នាក់ចង់បានការប៉ះទង្គិចដោយផ្ទាល់របស់ណាតូនិងកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសស៊ីរីនោះទេ។
លោកប្រធានាធិបតីរុស្ស៊ី ដែលនឹងមិនចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេស BRICS ក្នុងខែសីហា ដោយផ្ទាល់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា លោកមិនគិតថា ដំណើរទស្សនកិច្ចនេះនឹងមានសារៈសំខាន់ជាងការដែលលោកស្នាក់នៅក្នុងប្រទេសរុស្ស៊ីនោះទេ។
វិមានក្រឹមឡាំងបានឲ្យដឹងកាលពីសប្តាហ៍មុនថាលោកពូទីននឹងទូរស័ព្ទទៅកិច្ចប្រជុំកំពូល BRICS តាមរយៈការហៅជាវីដេអូ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងចូលរួមកិច្ចប្រជុំកំពូល Johannesburg នៅថ្ងៃទី២២-២៤ ខែសីហា ជំនួសលោក Putin។
ប្រភព៖ Arab News
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
