សៀវភៅ កម្ពុជាសម័យតេជោ វគ្គ ១២ «កំណើនសេដ្ឋកិច្ច»

សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។
ឯកឧត្តម ចងក្រងសៀវភៅនេះឡើងដើម្បីបង្ហាញទៅដល់មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលត្រូវចាប់អារម្មណ៍កោតសរសើរ និងកត់ត្រាទុក។
ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពីដំណើរជីវិតរបស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។ ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬនយោបាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជាឯកសារជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុងការសិក្សាឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងផ្ទៃប្រទេសចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា សម័យតេជោ»។
សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។ វគ្គ ១២« កំណើនសេដ្ឋកិច្ច » សេដ្ឋកិច្ច គឺជាវិស័យទ្រទ្រង់វិស័យសង្គមកិច្ចជាតិទាំងមូល ប្រទេសជាតិមួយរឹងមាំត្រូវពឹងផ្អែកលើវិស័យសេដ្ឋកិច្ច និងកងទ័ព។ បើប្រទេសជាតិមួយមានសេដ្ឋកិច្ចទន់ខ្សោយ ប្រទេសនោះ ឬរដ្ឋាភិបាលនោះនឹងដួលរលំដោយឯងៗ។ ប្រទេសស្រីលង្កា បានដូលរលំ បន្ទាប់ពីមានវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចកើតឡើង។
សម្រាប់កម្ពុជា បើទោះបីអ្នកនយោបាយប្រឆាំងតែងតែរិះគន់ និងប្រមាថថា សេដ្ឋកិច្ចកម្ពុជានៅទន់ខ្សោយក៏ដោយ ប៉ុន្តែ ជាង២ទសវត្សរ៍មកនេះ(១៩៩៨-២០២០២) បន្ទាប់ពីកម្ពុជា បញ្ចប់សង្រ្គាមទាំងស្រុងទូទាំងប្រទេស សេដ្ឋកិច្ចកម្ពុជានៅឈរលំដាប់ខ្ពស់ដដែល គឺចន្លោះពី៦% ដល់៨% ជារៀងរាល់ឆ្នាំ។
កំណើនសេដ្ឋកិច្ចរបស់កម្ពុជាធ្វើឱ្យមានការកោតសរសើរផងដែរពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ក្នុងដំណាក់កាលវិបត្តិសកលកូវីដ-១៩ ក៏សេដ្ឋកិច្ចកម្ពុជា មិនមានការធ្លាក់ចុះធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ដែរ ផ្ទុយទៅវិញរាជរដ្ឋាភិបាល នៅតែមានលទ្ធភាពបើកប្រាក់ខែជូនមន្រ្តីរាជការ និងបញ្ចេញសាច់ប្រាក់សម្រាប់ទប់ស្កាត់ការដំឡើងថ្លៃប្រេង ថែមទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជាដើមទៀតផង។
នៅដើមខែធ្នូ ឆ្នាំ២០២១ ខណៈពិភពលោកកំពុងទទួលរងនូវការរាត្បាតដោយជំងឺកូវីដ-១៩ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា បានកោតសរសើរថា គ្រប់គ្រង់ស្ថានភាពកូវីដ-១៩បានល្អប្រសើរ ហើយការណ៍នេះ ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរឡើង ។ នៅដើមខែមេសា ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ីបានវាយតម្លៃ និងកោតសរសើរថា គោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យកំណើនសេដ្ឋកិច្ចរីកចម្រើនបានយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានរំលេចថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញឆាប់រហ័សជាងអ្វីដែលបានរំពឹងទុកនៅក្នុងឆ្នាំ២០២១ តាមរយៈការងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ឧស្សាហកម្មធុនស្រាល។ កំណើនសេដ្ឋកិច្ចនឹងមានការកើនឡើងនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារសកម្មភាពសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ និងត្រឡប់មកកាន់សភាពធម្មតាវិញ។
កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា បានងើបឡើងវិញនៅកម្រិតប៉ាន់ស្មាន៣,០% នៅឆ្នាំ២០២១ បន្ទាប់ពីមានកំណើនអវិជ្ជមាន៣,១% នៅឆ្នាំ២០២០។ នៅឆមាសទីពីរ ការងើបឡើងវិញយ៉ាងខ្លាំងក្លានូវតម្រូវការក្រៅស្រុក ចំពោះផលិតផល ដែលត្រូវបានផលិតនៅក្នុងប្រទេសបានធ្វើឱ្យសេដ្ឋកិច្ចមានការងើបឡើងវិញរហ័សជាងការរំពឹងទុក។ ផលិតកម្មឧស្សាហកម្មបានកើនឡើង៧,៤%នៅឆ្នាំ២០២១។
ការនាំចេញសម្លៀកបំពាក់ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរបានងើបឡើងវិញគួរឱ្យកត់សម្គាល់ កាលពីឆ្នាំ២០២០ ជាពិសេសនៅឆមាសទីពីរ។ ផលិតផលមិនមែនសម្លៀកបំពាក់បានបន្តកើនឡើងយ៉ាងខ្លាំងក្លា ដោយការនាំចេញបានកើនឡើង៣០,៧%។ ការនាំចេញផ្នែកកសិកម្មបានកើនឡើង១៩,០% នៅឆ្នាំ២០២១ ដោយមានកំណើនយ៉ាងខ្លាំងក្លាលើការនាំចេញដំឡូងមី ចេក និងកៅស៊ូ ។នៅខែមេសាឆ្នាំ២០២២ដដែល ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង៥,៣% នៅឆ្នាំ ២០២២ និង៦,៥% នៅឆ្នាំ ២០២៣ ដោយសារកំណើន នៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ។
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ដែលចុះផ្សាយនៅលើគេហទំព័រធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងដែរថា ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង៨,១%នៅឆ្នាំ២០២២ និង៩,១% ក្នុងឆ្នាំ២០២៣។
កំណើននេះក៏នឹងត្រូវបានជំរុញដោយការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។ នាយកស្តីទីរបស់ADB ប្រចាំកម្ពុជា លោក Anthony Gill បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានងើបឡើងវិញដល់ប្រមាណ៣,0%នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ៣,១% ដោយសារកូវីដ-១៩នៅឆ្នាំ២០២០។
ប៉ុន្តែ ដើម្បីជម្នះឧបសគ្គទាំងនេះ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃកូវីដ-១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ក្នុងនោះការសម្រេចចិត្តចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ-១៩បានអនុញ្ញាតឱ្យកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាន នៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៣។
ថ្លែងសុន្ទរកថាបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ទោះបីកម្ពុជា មានការលំបាកដោយសារជំងឺកូវីដ-១៩ ប៉ុន្តែ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចាប់ផ្តើមងើបឡើងវិញបណ្តើរៗ ។
សម្តេច ហ៊ុន សែន បន្តឱ្យដឹងថា នៅឆ្នាំ២០២០ជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានដោយធ្លាក់ចុះ៣,១%ដែលជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ រហូតដល់ឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបានកើនឡើង៣% ហើយមានលទ្ធភាពនឹងកើនឡើងពី៥% ឬ៦% ក្នុងឆ្នាំ២០២២ និង២០២៣។
នៅចុងខែមិថុនា ឆ្នាំ២០២២ ធនាគារពិភពលោក ក៏បានវាយតម្លៃដែរថា ទោះបីពិភពលោក ជួបនូវវិបត្តិប្រេងឥន្ធនៈ ប៉ុន្តែ សេដ្ឋកិច្ចកម្ពុជា នៅតែមានកំណើន ដែលអាចទប់ទល់នឹងវិបត្តិនេះបាន ដោយអះអាងថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងទទួលបានកំណើន ៤,៥% ក្នុងឆ្នាំ២០២២។
