សម្តេចតេជោ ហ៊ុន សែន៖ អង្គភាពណាបាញ់ធ្លាក់ដ្រូន ដែលហោះបំពានចូលកម្ពុជា ក្នុង១គ្រឿង ខ្ញុំជូន ២០ម៉ឺនដុល្លារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន ដែលហោះចូលទឹកដីកម្ពុជា ។
ក្នុងឱកាសបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អម្បាញ់មិញ បញ្ជាឲ្យអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ វង្ស ពិសេន ដំឡើងអាវុធគ្រប់ធុនទាំងអស់។ យប់មិញ (ដ្រូន) មក៥គ្រឿងទៀត ប៉ុន្តែអស់លោកសូម្បីតែអាវុធមួយក៏មិនផ្ទុះដែរ។ អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ ត្រឹមយក CKC បាញ់ កាំភ្លើងទៅណាអស់ទៅអាធំ? […] ចាប់ពីល្ងាចនេះទៅ បើលោកឯងមិនផ្ទុះអាវុធ មានរឿងជាមួយខ្ញុំ»។
សម្តេចតេជោបន្តថា «ខ្ញុំសូមព្រមាន ប្រទេសណាក៏ដោយ ដែលឲ្យយន្តហោះគ្មានមនុស្សបើក មកធ្វើសកម្មភាពឈ្លានពានកម្ពុជា និងធ្វើភេរវកម្មលើទឹកដីកម្ពុជា គឺបើយើងស៊ើបអង្កេតបាន យើងប្តឹងទៅអង្គការសហប្រជាជាតិ។ ខ្ញុំសូមបញ្ជាក់ថា អង្គភាពណាបាញ់ធ្លាក់ដ្រូន ១គ្រឿង ខ្ញុំជូន ២០ម៉ឺនដុល្លារ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សន្និដ្ឋានថា បច្ចាមិត្តដែលបង្ហោះដ្រូនចូលដីកម្ពុជា គឺជាក្រុមជនជាតិដេហ្កា ដែលជនក្បត់ជាតិបីជំនាន់ សម រង្ស៉ី បានចុះហត្ថលេខាជាមួយ។ សម្តេចតេជោ ដាក់ការសង្ស័យថា ក្រុមឧទ្ទាមដែលធ្វើភេរវកម្មនៅវៀតណាម ជាក្រុមជនជាតិដេហ្កា ដែលហ្វឹកហាត់នៅប្រទេសមួយក្នុងតំបន់ ហើយប្រើដីកម្ពុជាឆ្លងកាត់ ៕
