ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងយកចិត្តទុកដាក់លើសុខុមាលភាព និងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់លើសុខុមាលភាព និងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ដោយបានផ្តោតលើចំណុចអាទិភាពសំខាន់ចំនួន ៣ គឺ ជីវិត, ជីវភាព និងកិត្តិយស៖ ទី១. ជីវិត៖ សំដៅដល់ការរំដោះជាតិ និងប្រជាជនចេញពីរបប ប៉ុល ពត និងការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាការជួយសង្គ្រោះជីវិតឱ្យឆ្លងផុតពីរណ្តៅមរណៈនៃជំងឺកូវីដ-១៩; ទី២. ជីវភាព៖ សំដៅដល់ការផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់របបសន្តិសុខសង្គមនានា ដែលបន្តកើនឡើងជាបន្តបន្ទាប់ រួមជាមួយនឹងប័ណ្ណថែទាំសុខភាព, ការផ្តល់សម្បទានដីសង្គមកិច្ច និងការសាង់សង់ផ្ទះសម្រាប់អតីតយុទ្ធជន ក៏ដូចជាការយកចិត្តទុកដាក់ជាច្រើនផ្សេងទៀត ដែលរួមមានផងដែរនូវការបណ្តុះបណ្តាលបន្ថែមសម្រាប់ការចាប់អាជីពពិតប្រាកដមួយនៅក្រោយពេលចូលនិវត្តន៍ និងការផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជនក្នុងការចូលបម្រើការងារតាមសមត្ថភាពជំនាញ និងទី៣. កិត្តិយស សំដៅដល់ការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងការបន្តកសាង និងអភិវឌ្ឍន៍ជាតិ រួមទាំងការបំពាក់គ្រឿងឥស្សរិយយសដើម្បីរំឭកបញ្ជាក់អំពីការទទួលស្គាល់ និងការតបស្នងសងគុណចំពោះវីរភាព និងគុណបំណាច់របស់អតីតយុទ្ធ ក៏ដូចជាការកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំ ជា “ទិវាអតីតយុទ្ធជនកម្ពុជា” ជាដើម។
ឯកឧត្ដមមានប្រសាសន៍បែបនេះ នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ខណៈឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ៕

