សម្ដេចតេជោ ហ៊ុន សែន បង្ហាញប្រតិទិន ការបង្កើតរាជរដ្ឋាភិបាលថ្មី ក្នុងករណីគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញប្រតិទិនក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ក្រោយការបោះឆ្នោតនៅពេលខាងមុខ ក្នុងករណីគណបក្សប្រជាជនកម្ពុជាឈ្នះ ។
ក្នុងឱកាសអញ្ជើញសម្ពោធប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នាថ្ងៃទី២៦ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ក្នុងករណីនៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ មិនមានការបោះឆ្នោតឡើងវិញនៅកន្លែងណាមួយទេ ។ តាមការគ្រោងទុករដ្ឋសភានឹងត្រូវប្រជុំលើកដំបូង នៅថ្ងៃច័ន្ទទី២៨ ល្ងាចចូលស្បថ។ ថ្ងៃទី២៩ បង្កើតរាជរដ្ឋាភិបាលពេលព្រឹក ហើយល្ងាចចូលស្បថកាន់តំណែង។ នេះជាប្រតិទិននៃការបង្កើតរាជរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតនៅពេលខាងមុខ ក្នុងករណីគណបក្សប្រជាជនកម្ពុជាឈ្នះ» ។
សូមបញ្ជាក់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចូលរួមចំនួន ១៨គណបក្ស ៕
