សម្តេចតេជោ ផ្តាំអ្នកក្នុងស្រុកមួយចំនួន កុំឲ្យផ្អើលតាមការញុះញង់ របស់ក្រុមជ្រុលនិយមក្រៅប្រទេស បង្កចលាចលក្នុងប្រទេស ដែលនាំតែធ្វើឲ្យខ្លួនឯងជាប់គុក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថ្លែងផ្តាំផ្ញើដល់មនុស្សក្នុងស្រុកមួយចំនួន កុំផ្អើលតាមការញុះញង់របស់ក្រុមជ្រុលនិយមក្រៅប្រទេស ហើយបង្កចលាចលក្នុងប្រទេស ដែលនាំតែធ្វើឱ្យខ្លួនឯងជាប់គុកហើយគ្មានអ្នកជាប់ជំនួសទេ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ចឹងសន្តិភាព វាជាការសំខាន់សម្រាប់យើងទាំងអស់គ្នា អ្នកណាក៏ត្រូវការសន្តិភាពរាប់ទាំងអ្នកធ្វើនយោបាយផ្ទុយពីយើង ក៏គេត្រូវការសន្តិភាពដែរ ប៉ុន្តែវាមានអាអ្នកចង់បង្កើតសង្គ្រាម ហើយសង្គ្រាមវាងាយបង្កើតទេ ដូចជាដាក់ផែនការមកចាប់ ហ៊ុន សែន ដាក់ផែនការឱ្យកម្លាំងប្រដាប់អាវុធ បាញ់មកលើ ហ៊ុន សែន ប៉ុន្តែអាក្បួននេះធ្វើឱ្យតែអាអ្នកក្នុងស្រុកនេះជាប់គុកទេ អាណឹងទោសក្បត់ជាតិ ចឹងហើយជាប់គុកឱ្យល្ពុយ និងដោះឱ្យល្ពុយដែរ»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «រដ្ឋាភិបាលត្រូវតែមានវិធានការការពារប្រជាជន ១៧លាននាក់ រឿងអីយើងមិនខ្លាចធ្វើមនុស្ស ១០០ ទៅ២០០នាក់នោះ អត់ខ្លាចទេ ពូបានប្រកាសទុកជាមុនហើយថា មិនខ្លាចលះបង់មនុស្ស ១០០ ទៅ ២០០នាក់ ដើម្បីការពារប្រជាជននោះទេ ការពារអ្វីដែលកំពុងមានក្នុងដៃកុំឱ្យវាបាត់ទៅវិញ» ៕
