ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ជាង ៤៤ ឆ្នាំមកនេះ គណបក្សប្រជាជន នៅតែជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា ជាង ៤៤ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់ សំដៅធ្វើយ៉ាងណារក្សានូវនិរន្តរភាពយូរអង្វែងសម្រាប់អនាគតនៃជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត មានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ក៏នឹងនៅបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីប្រជាជាតិទាំងមូលដោយមិនរើសអើង នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្ស ព្រមជាមួយនឹងការបន្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនប្រកបដោយភាពសុខដុមរមនា ដូចអារ្យប្រទេសនានានៅក្នុងតំបន់ ជាពិសេសគ្មានការកើតឡើងវិញជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចដែលធ្លាប់កើតមានទ្បើងក្នុងពេលអតីតកាល ៕

