សម្តេចតេជោ៖ ការដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជា បានដាក់មន្ត្រីចុះជួយមូលដ្ឋាន តាំងពីឆ្នាំ១៩៨២ ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជា បានដាក់មន្ត្រីចុះជួយមូលដ្ឋាន តាំងពីឆ្នាំ១៩៨២ ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ប្រចាំ អាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “យើងបានពង្រាយមន្ដ្រីរបស់យើង ចុះមូលដ្ឋានតាំងពីឆ្នាំ១៩៨២ ពេលខ្លះយើងបញ្ជូនមន្ដ្រីរបស់យើង គឺជាអភិបាលរងស្រុក ឬក៏ជាប្រធានស្រុក […] នៅពេលនោះ សូម្បីតែមន្ដ្រីការទូត មុននឹងបញ្ចូនទៅធ្វើទូត គឺត្រូវចុះមូលដ្ឋាន”។
សម្ដេចបន្ថែមថា ទាកទិននឹងការអនុវត្ដ ការផ្ដល់អំណោយទៅដល់មូលដ្ឋាន គឺមានតាំងពីដំណាក់កាលមុន ប៉ុន្ដែត្រូវបានបំផ្លាញទៅដោយអ្នក ដែលមានចេតនាបំផ្លាញ ដែលយើងត្រូវធ្វើឡើងវិញ អំពីបញ្ហាការប្រគល់អំណាច ទៅឲ្យមូលដ្ឋាន។
ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣ ពួកគេមានចេតនា ដើម្បីធ្វើឲ្យមូលដ្ឋាន ដោយសូម្បីតែខេត្តមួយ ក្នុងមួយខែ មានប្រាក់ត្រឹមតែ១លានរៀន តែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ជូនមន្ត្រីចុះទៅមូលដ្ឋានមិនមែនជារឿងថ្មីថ្មោងនោះឡើយ សម្រាប់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន។
បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមការងារថ្នាក់ជាតិ មិនបានធ្វើឲ្យបាត់បង់ការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋាននោះឡើយ៕
