នាយករដ្ឋមន្ត្រី ឲ្យអនុវត្តកម្មវិធី ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ ត្រូវគិតទៅតាមចំនួនកូនក្នុងផ្ទៃ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសង្គមកិច្ចឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ ត្រូវគិតទៅតាមចំនួនកូន ។
ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ១ម៉ឺន៨ពាន់នាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ត្រូវកត់ត្រាថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីសម្រេចឱ្យអនុវត្តនូវការឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ សម្រាប់អ្នកកូនភ្លោះទទួលបានរបបគិតតាមចំនួនកូន»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ចាប់ពីខែសីហា ឆ្នាំ២០២៣ ខាងមុខតទៅ កម្មការិនីមានផ្ទៃពោះនឹងទទួលបានអត្ថប្រយោជន៍បន្ថែម ដោយចាប់ពីពេលមានផ្ទៃពោះរហូតដល់ពេលឆ្លងទន្លេ ទទួលបានការឧបត្ថម្ភ៤លើក ក្នុង១លើកៗចំនួន៨ម៉ឺនរៀល ឬ២០ដុល្លារ។ ដល់ថ្ងៃឆ្លងទន្លេ ក្នុងករណីកូនម្នាក់ កម្មការិនីនឹងទទួលបានថវិកាឧបត្ថម្ភចំនួន៨០ម៉ឺនរៀល ឬ២០០ដុល្លារ តែប្រសិនបើបានកូន២នាក់ ឬ៣នាក់ គឺគុណទៅតាមចំនួនជាក់ស្ដែង។ នៅពេលឆ្លងទន្លេរួចហើយ កម្មការិនីនិងកូនៗនឹងទទួលបានការឧបត្ថម្ភ១០ដងទៀត រហូតដល់កូនៗមានអាយុ២ឆ្នាំ ក្នុង១ដងៗទទួលបានថវិកាឧបត្ថម្ភ៨ម៉ឺនរៀល ឬ២០ដុល្លារ។ ការឧបត្ថម្ភទាំងអស់គឺមានចំនួន១៥ដង ដែលសរុបជាទឹកប្រាក់ជិត២លានរៀល ឬជិត៥០០ដុល្លារ ៕
