បណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងវត្តភ្នៀតសិម្ពលី ដែលមានអាយុកាលប្រមាណ ៤៩១ ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអនុមោទនាត្រេកអរចំពោះកកើតឡើងនូវសមិទ្ធផលថ្មីៗ រួមមាន អគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមនៃវត្តភ្នៀតសិម្ពលី ដែលមានអាយុកាលដ៏ចំណាស់ប្រមាណ ៤៩១ ឆ្នាំ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ គោរពបូជា និងប្រើប្រាស់តាមប្រពៃណីជំនឿសាសនា ដើម្បីជាទីស្ងប់សុខផ្លូវចិត្ត។
ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ពោធអគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលនានា នៅក្នុងវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្ដបញ្ជាក់ថា សមិទ្ធផលដែលត្រូវបានកសាងលេចចេញជារូបរាងឡើងមកនេះ គឺកើតឡើងដោយសារកម្លាំងសទ្ធាជ្រះថ្លារបស់ព្រះចៅអធិការ, ព្រះតេជព្រះគុណព្រះសង្ឃ, គណៈកម្មការ-អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានរួមគ្នាទាំងគំនិត ធនធាន និងកម្លាំង ដើម្បីជាប្រយោជន៍សម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន និងឋិតថេរគង់វង្សគ្រប់ ៥.០០០ ព្រះវស្សាតាមពុទ្ធប្បញ្ញត្តិ៕

