នាយករដ្ឋមន្ត្រី អំពាវនាវម្ចាស់ផ្ទះជួល កុំឲ្យដំឡើងថ្លៃផ្ទះ ក្នុងពេលកម្មករ កម្មការិនីដំឡើងប្រាក់ឈ្នួល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំឲ្យដំឡើងថ្លៃផ្ទះ ក្នុងពេលដែលកម្មករកម្មការិនីដំឡើងប្រាក់ឈ្នួល។
ក្នុងឱកាសបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចបញ្ជាក់ថា «ខ្ញុំមានការអំពាវនាវកុំឱ្យមានការដំឡើងថ្លៃផ្ទះជួល ក្នុងពេលស្ថានភាពដែលយើងដំឡើងប្រាក់បៀវត្សបានតិចតួច យកបានតិចប្រសើរជាងយកអត់បាន។ នៅតែបន្តអំពាវនាវ ព្រោះកាលពីមុនកម្មករឡើង១០ដុល្លារ ម្ចាស់ផ្ទះឡើង១៥ដុល្លារ ចឹងធ្វើម៉េចឡើងទាន់ថ្ងៃឈ្នួល?។»
សូមបញ្ជាក់ថា សម្រាប់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ក្នុងវិស័យវាយណភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ក្នុងឆ្នាំ២០២៣នេះ ត្រូវបានដំឡើងដល់ចំនួន ២០០ដុល្លារក្នុងមួយខែ ៕
