៥ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ១៩ពាន់លានដុល្លារ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្ដរជាតិ នៅរយៈពេល ៥ខែដើម ឆ្នាំ២០២៣នេះ សម្រេចបានចំនួន ១៩ ២៩២លានដុល្លារ ធ្លាក់ចុះ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានទឹកប្រាក់ ២២ ៤៨៩លានដុល្លារ។
របាយការណ៍បានបញ្ជាក់ថា “ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា មានទឹកប្រាក់ ១៩ ២៩២លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញមានចំនួន ៩ ១៨៣លានដុល្លារ ធ្លាក់ចុះ២.៤ភាគរយ ចំណែកការនាំចូលវិញមានចំនួន ១០ ១០៩លានដុល្លារ ធ្លាក់ចុះ ២២.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២”។
ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នាដើមសប្តាយ៍មុនបានថ្លែងឲ្យដឹងថា កម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការជំរុញការនាំចេញទំនិញ។
ឯកឧត្ថមបន្តថា ការនាំចេញរបស់កម្ពុជា ធ្លាក់ចុះក្នុងអំឡុងពេលដើមឆ្នាំនេះ ដោយសារសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ ដែលបង្កមកពីបញ្ហាភូមិសាស្រ្តនយោបាយ ក៏ដូចជាជំងឺកូវីដ១៩។
យ៉ាងណាឯកឧត្ដមរដ្ឋមន្ត្រីសង្ឃឹមថា នៅចុងឆ្នាំ២០២៣នេះ ការនាំចេញអាចមានការប្រែប្រួល ឬមានការកើនឡើងវិញ៕
