ឯកឧត្តម នេត្រ ភក្ត្រា៖ ការអញ្ជើញទៅបោះឆ្នោតគឺការចូលរួមគាំទ្រដំណើរការប្រជាធិបតេយ្យនិងលើកតម្កើងការអនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយរបស់ប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា «ការអញ្ជើញទៅបោះឆ្នោតគឺការចូលរួមគាំទ្រដំណើរការប្រជាធិបតេយ្យនិងលើកតម្កើងការអនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយរបស់ប្រជាជនកម្ពុជា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោតដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំគ្រប់គ្រងប្រទេស ថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។
នេះគឺជាលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារបក្សនៅសង្កាត់កោះតូច ក្រុងបូកគោ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តសមាជិកសមាជិកាបក្សបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈព្រោះអំពើល្អដែលគណបក្សប្រជាជនកម្ពុជាជាពិសេសការលះបង់សព្វបែបយ៉ាងរបស់ថ្នាក់ដឹកនាំគណបក្សជាពិសេសការយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សផ្សេងទៀត រួមនឹងការដាក់ចុះនូវគោលនយោបាយដ៏ត្រឹមត្រូវនិងជាក់ស្តែង មានភាពចាស់ទុំនយោបាយ ពុះពារគ្រប់ឧបសគ្គ រស់នៅជាមួយប្រជាពលរដ្ឋ បម្រើបុព្វហេតុជាតិនិងប្រជាជនពិតប្រាកដ គឺជាមូលដ្ឋាននៃការផ្តល់ជំនឿទុកចិត្ត ការជឿជាក់ ការគោរពស្រឡាញ់និងគាំទ្រគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំបក្ស។
