ប្រជាពលរដ្ឋភ្ជួរដីចំការប្រទះឃើញគ្រាប់មីនចំនួន ០៤គ្រាប់កប់ក្នុងដី ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក

ភ្នំពេញ៖ នៅវេលាម៉ោង០១និង២០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋបានភ្ជួរដីចំការដើម្បីដាំដំឡូងមី នៅចំណុចអូរកំបត់ ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទ(មីន៦៩) កប់ក្នុងដីបន្សល់ទុកពីសម័យសង្រ្គាម រួចក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាល។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម បានឲ្យដឹងថា តាមការរៀបរាប់ពីឈ្មោះ ម៉ៅ ចាន់ឡា ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិកំណប់ ឃុំស្លក្រាម ដីចំការនេះគឺគាត់ទើបជួលគេដាំដំឡូងមី នៅឆ្នាំនេះ ហើយបានភ្ជួរដីក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទ(មីន៦៩) ចំនួន០៤គ្រាប់ ដែលកប់ក្នុងដីបន្សល់ទុកពីសម័យសង្រ្គាម បន្ទាប់មកគាត់ក៏បានរាយការណ៍ជូនទៅនគរបាលប៉ុស្តិ៍ និងរាយការណ៍បន្តទៅមន្ត្រីជំនាញអង្គភាពហេឡូត្រាសដ៍យកទៅកម្ទេចចោល ៕
