សម្តេចតេជោ៖ វិស័យកាត់ដេរនៅកម្ពុជា បានចាប់ផ្ដើមពីជាង៦០រោងចក្រក្នុងឆ្នាំ១៩៩៧ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រជិត១៤០០រោងចក្រ នេះបង្ហាញពីការរីកចម្រើនលើវិស័យកាត់ដេររបស់កម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា វិស័យកាត់ដេរនៅកម្ពុជា បានចាប់ផ្ដើមពីជាង៦០រោងចក្រ ដោយមានកម្មករនិយោជិតតែជាង៨ម៉ឺននាក់ប៉ុណ្ណោះកាលពីឆ្នាំ១៩៩៧ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រជិត១៤០០រោងចក្រជាមួយនឹងកម្មករនិយោជិតជាង ៨០ម៉ឺននាក់ ដែលនេះបង្ហាញពីការរីកចម្រើនលើគោលនយោបាយវិស័យឧស្សាហកម្មរោងចក្រកាត់ដេររបស់ប្រទេសកម្ពុជាយើង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះក្នុងឱកាសដែរ សម្តេច អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោង ចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL) ក្នុងស្រុកត្រាំកក់ និងស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ បានបញ្ជាក់ថា តាមរយៈជំនួបរបស់សម្ដេច ជាមួយកម្មករនិយោជិត បានធ្វើឱ្យរោងចក្រមានភាពល្អប្រសើរឡើង ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រោងចក្រ និងការរៀបចំគោលនយោបាយនានា ដើម្បីគាំពារដល់កម្មករនិយោជិតទាំងអស់។
សម្ដេចតេជោបានអំពាវនាវឱ្យខិតខំរួមគ្នា ធ្វើឱ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ត ដោយមិនឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមិនឱ្យមានក្រុមបងធំ បងតូច នៅក្នុងរោងចក្រនោះឡើយ។
សម្តេចតេជោក៏បានបន្តអំពាវនាវដល់កម្មករនិយោជិតរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជា ខណៈសង្គ្រាមបានបំផ្លាញអ្វីគ្រប់បែបយ៉ាង និងធ្វើឱ្យមានសោកនាដកម្មជាច្រើន ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍ ៕
