អភិបាលខេត្តតាកែវ ណែនាំដល់មេឃុំមេភូមិ ត្រូវយកចិត្តទុកដាក់បំរើ ប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយអស់លទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ ដល់មេឃុំ មេភូមិ ត្រូវប្រឹងប្រែងបំរើការងារជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយអស់លទ្ធភាព ដើម្បីធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើអាជ្ញាធរ។
ថ្លែងនៅក្នុងឱកាសចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ជាមួយ សមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ ប៉ុស្ដិ៍នគរបាលរដ្ឋបាល មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ ក្នុងឃុំពេជសារ ស្រុកកោះអណ្ដែត និងឃុំស្មោង ស្រុកទ្រាំង នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បម្រើបងប្អូនប្រជាពលរដ្ឋ ក្នុងនោះត្រូវតែចុះឱ្យបានជាប់ជាប្រចាំដល់ខ្នងផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កើនភាពស្និទស្នាលជាមួយពួកគាត់ផង និងដើម្បីឱ្យពួកគាត់មានក្តីសង្ឃឹម មានភាពកក់ក្តៅ និងមានជំនឿជឿជាក់លើការដឹកនាំរបស់អាជ្ញាធរ ព្រោះពួកគាត់ចាត់ទុកអាជ្ញាធរគឺជា អាណាព្យាបាល របស់ពួកគាត់។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ការគិតគូរនិងយកចិត្តទុកដាក់អំពីសុខទុក្ខ និងបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័សដោយទំនួលខុសត្រូវ វានឹងធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើងកាន់តែមានទំនុកចិត្ត និងបន្តគាំទ្រលោកអ៊ុំជាមេឃុំមេភូមិថែមទៀត។ ម្យ៉ាងវិញទៀតទន្ទឹមនឹងការគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ ហើយសូមអាជ្ញាធរមូលដ្ឋាន ធ្វើការអភិវឌ្ឍ ក្នុងមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើនថែមទៀត ពិសេសត្រូវសហការគ្នាឱ្យល្អជាមួយនឹង បងប្អូន ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាល ធ្វើយ៉ាងណាពង្រឹង លើការងារ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ សាធារណៈ កាន់តែល្អរឹងមាំ ឱ្យមូលដ្ឋានរបស់យើងក្លាយជាមូលដ្ឋានដែលគ្មានបទល្មើសគ្រប់ប្រភេទ គ្មានល្បែងស៊ីសង ស្របតាមគោលនយោបាយភូមិឃុំមានសវុត្ថិភាព ៕
