បណ្ឌិត ហ៊ុន ម៉ាណែត៖ យុវជន មានលក្ខណៈពិសេសជាច្រើន ហើយត្រូវបានបក្សប្រជាជន ចាត់ទុកជាឆ្អឹងខ្នង និងជាកម្លាំងដ៏មុតស្រួច ដែលត្រូវយកចិត្តទុកដាក់ថែបំប៉ន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា យុវជន មានលក្ខណៈពិសេសជាច្រើន ហើយត្រូវបានមហាជន រួមទាំងគណបក្សប្រជាជនកម្ពុជា តែងបានចាត់ទុកជាឆ្អឹងខ្នង និងជាកម្លាំងដ៏មុតស្រួច ដែលត្រូវយកចិត្តទុកដាក់ថែបំប៉ន និងបណ្តុះបណ្តាលសមត្ថភាពចំណេះដឹង និងចំណេះធ្វើ ជាពិសេសគុណធម៌ សីលធម៌ ដើម្បីឱ្យក្លាយខ្លួនជាទំពាំងស្នងឫស្សី ដែលត្រូវចូលរួមជាមួយគណបក្សក្នុងការអនុវត្តកម្មវិធីនយោបាយ និងបេសកកម្មនានាបម្រើឱ្យផលប្រយោជន៍របស់សង្គមជាតិ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តួនាទីរបស់យុវជនបក្សគ្រប់រូប គឺការចូលរួមធ្វើសកម្មភាពជាមួយគណបក្ស តាមរយៈកិច្ចការស្ម័គ្រចិត្ត និងក្នុងបុព្វហេតុការពារនិរន្តភាពនៃការដឹកនាំរបស់បក្ស ដើម្បីធានាលំនឹងស្ថិរភាព និងឱកាសសម្រាប់បច្ចុប្បន្ន និងអនាគត ៕

