សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យភាគីអេមីរ៉ាតអារ៉ាប់រួម មានការពិចារណា មកធ្វើការវិនិយោគលើការកែច្នៃដំឡូង ដែលកម្ពុជាមានច្រើនសម្រាប់ធ្វើការកែច្នៃ និងសម្រាប់ការនាំចេញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យភាគីអេមីរ៉ាតអារ៉ាប់រួម មានការពិចារណាផងដែរ ឱ្យមកធ្វើការវិនិយោគលើការកែច្នៃដំឡូង ដែលកម្ពុជាមានយ៉ាងច្រើនសម្រាប់ធ្វើការកែច្នៃ និងសម្រាប់ការនាំចេញ។
សម្តដេចតេជោ ហ៊ុន សែន បានស្នើបែបនេះក្នុងឱកាសដែរ សម្តេច បានអនុញ្ញាតឱ្យ ឯកឧត្ដម បណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានស្នើឲ្យភាគីអេមីរ៉ាត អារ៉ាប់រួម ពិចារណា ជំរុញឲ្យមានកិច្ចព្រមព្រៀង មិនយកពន្ធត្រួតគ្នា ដើម្បីជាការលើកទឹកចិត្តដល់អ្នកវិនិយោគផង និងស្នើសុំឲ្យមានការជំរុញការហោះហើរត្រង់ ពីអេមីរ៉ាត អារ៉ាប់រួម មកកាន់កម្ពុជាផង ៕
