ឧត្តមសេនីយ៍ឯក ខឹមជា សាវឿន ជួបសំណេះសំណាលជាមួយសិក្ខាកាមទៅចូលរួមវគ្គបណ្ដុះបណ្តាលបោស សម្អាតមីនមនុស្សធម៌រយៈពេលខ្លី នៅសាធារណៈរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ កងទ័ពជើងគោកកម្ពុជា បញ្ជូនសិក្ខាកាម ៨រូបទៅចូលរួមវគ្គបណ្ដុះបណ្តាលបោសសម្អាតមីនមនុស្សធម៌រយៈពេលខ្លី នៅសាធារណៈរដ្ឋប្រជាមានិតចិន (វគ្គបណ្តុះបណ្តាលស្តីពី Humanitarian Demining Training Course )ដែលមានរយៈពេល ០៣ខែ ចាប់ពីចុងខែឧសភា ដល់ខែសីហា ឆ្នាំ២០២៣។ សិក្ខាកាមកងទ័ពទ័ពជើងគោក កម្ពុជា នឹងចេញដំណើរនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ។
ថ្លែងនៅក្នុងកិច្ចជួបសំណេះសំណាលរបស់ក្រុមការងារគណៈកម្មការមីនកងទ័ពជើងគោក ជាមួយ សិក្ខាកាមទៅចូលរួមវគ្គ បណ្ដុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ នៅសាធារណៈរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ខឹមជា សាវឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក បានចូលរួមអបអរសាទរចំពោះសិក្ខាកាមកងទ័ពជើងគោក ដែលបានទៅចូលរួមវគ្គ បណ្ដុះបណ្តាលបោសសម្អាតមីនមនុស្សធម៍នៅសាធារណៈរដ្ឋប្រជាមានិតចិន ។
ឧត្តមសេនីយ៍ឯក ខឹមជា សាវឿន បានមានប្រសាសន៍បន្ថែមទៀតថា ការទៅចូលរួមវគ្គ បណ្ដុះបណ្តាលបោសសម្អាតមីនមនុស្សធម៍ នៅសាធារណៈរដ្ឋប្រជាមានិតចិន ថាពិតជាមានសារៈសំខាន់ស្របពេលដែលកម្ពុជាប្តេជ្ញាបំបាត់មីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ។
ទន្ទឹមនឹងនោះដែរបច្ចុប្បន្ន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កំពុងបានចូលរួមអនុវត្តន៍សកម្មភាពបោសសម្អាតមីន កាកសំណល់សង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រយៈកាលកន្លងមកបានឈានទៅសម្រេចភារកិច្ចស្នូលរបស់ខ្លួន ពិសេសការបោសសម្អាតមីនមនុស្សធម៌ គម្រោងរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្រោមមូលបទ * ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម “ ។
ឧត្តមសេនីយ៍ឯក ខឹមជា សាវឿន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវគោរពនិន័យ បទបញ្ជាផ្ទៃក្នុងសាលា ត្រូវមានសាមគ្គីភាព ឯកភាព កិច្ចសហប្រតិបត្តិការណ៍ជាមួយមិត្តរួមវគ្គ ត្រូវថែរក្សាតំលៃកងយោធពលខេមរភូមិន្ទ និងអត្តសញ្ញាណជាតិ សង្ឃឹមថា ពេលបញ្ចប់វគ្គសិក្ខាកាមទាំងអស់យកចំណេះដឹងមកប្រើប្រាស់ដើម្បីជាតុមាតុភូមិ និងប្រជាជន៕
