បណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសយើងធ្លាប់ឆ្លងកាត់សង្គ្រាម និងជម្លោះបែកបាក់ ជាបទពិសោធន៍ដ៏សែនឈឺចាប់ខ្លោចផ្សា ប៉ុន្តែបច្ចុប្បន្នយើងកំពុងរស់នៅក្រោមម្លប់សន្តិភាពពេញលេញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ថាប្រទេសយើងធ្លាប់ឆ្លងកាត់សង្គ្រាម និងជម្លោះបែកបាក់ ដែលជាបទពិសោធន៍ដ៏សែនឈឺចាប់ខ្លោចផ្សា ហើយក៏មានការបែងចែកតំបន់កាន់កាប់ដោយមិនមានឯកភាពទឹកដីឡើយ ប៉ុន្តែបច្ចុប្បន្នយើងកំពុងរស់នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ និងទទួលបានមកវិញនូវការឯកភាពទឹកដី ព្រមជាមួយនឹងឱកាសអំណោយផលគ្រប់បែបយ៉ាង ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងវិបុលភាព សម្រាប់ការរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងរាជរដ្ឋាភិបាលតែមួយ ដែលបានប្តេជ្ញាជ្រោងទង់ព្រះមហាក្សត្រ និងលើកកម្ពស់គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ជារៀងដរាប។

