ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ យុវជនជំនាន់បច្ចុប្បន្ន មានកិច្ចការសំខាន់ ៣ ដែលត្រូវបំពេញ

ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត នាថ្ងៃទី៧ ខែមិថុនា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា យុវជនជំនាន់បច្ចុប្បន្ន មានកិច្ចការសំខាន់ ៣ ដែលត្រូវបំពេញ
កិច្ចការសំខាន់ៗទាំង៣ ដែលយុវជនបច្ចុប្បន្នត្រូវបំពេញនោះរួមមានគឺ៖ ទី១. ត្រូវថែរក្សាឱ្យបាននូវរាល់សមិទ្ធផលដែលយុវជនជំនាន់រៀមច្បងបានកសាងឡើង, ទី២. ត្រូវខិតខំពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត សម្រាប់បន្សល់ទុកដល់យុវជនបន្តវេនជំនាន់ក្រោយ និងទី៣. ត្រូវធ្វើយ៉ាងណាឱ្យយុវជនបច្ចុប្បន្ន និងជំនាន់ក្រោយអាចបន្តស្មារតី វីរភាព និងបេសកកម្មរបស់យុវជនជំនាន់មុន ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មួយវិញទៀត អ្វីដែលសំខាន់ផងដែរនោះ គឺសកម្មជនយុវជនបក្ស ត្រូវប្រព្រឹត្តខ្លួនជាយុវជនគំរូ និងពលរដ្ឋគំរូ តាមរយៈអំពើល្អ និងការប្រកាន់ខ្ជាប់នូវសីលធម៌-គុណធម៌ និងវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវបេះដូងគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោត ៕
