សម្តេចតេជោ ហ៊ុន សែន ស្នើវៀតណាមចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ប្រគល់មកឱ្យកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យរដ្ឋាភិបាលវៀតណាមចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ប្រគល់មកឱ្យកម្ពុជា ប្រសិនបើមេឧទ្ទាមនេះ បន្លំជាអ្នកទេសចរបារាំងចូលទៅកាន់ទឹកដីវៀតណាម។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «គេមានផែនការចូលមកម៉ាឡេស៊ី ម៉ាឡេស៊ីគេឱ្យចេញ គេមានផែនការចូលមកថៃ គេមានផែនការចូលមកវៀតណាមទៀត តាមរយៈការប្រើប៉ាស្ព័របារាំងធ្វើជាអ្នកទេសចរណ៍ ហើយបើសិនចូល ខ្ញុំស្នើចាប់ឱ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួន»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជា-វៀតណាម មានកិច្ចសហប្រតិបត្តិការខាងផ្លូវច្បាប់ និងមានការធ្វើបត្យាបណ្ណជាមួយគ្នា។
សម្តេចបានបញ្ជាក់បន្ថែមថា «ហេតុអ្វីបានជា លោក ហ៊ុន សែន និយាយអំពីការបាញ់ BM21 មូលហេតុ គឺអ្នកឯងមកធ្វើរដ្ឋប្រហារ អ្នកឯងមកធ្វើសង្គ្រាម អ្នកឯងមកចាប់ ហ៊ុន សែន អ្នកឯងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបាញ់ ហ៊ុន សែន អញ្ចឹងចង់មកធ្វើសង្គ្រាមឬ បើមកធ្វើសង្គ្រាមត្រូវកម្ទេចក្បាលវាមុនទៅ អាមេបញ្ជាការត្រូវតែវ៉ៃវា» ៕
