ឯកឧត្តម ហ៊ុន ម៉ាណែត៖ ជោគជ័យ និងប្រៀបឈ្នះរបស់បក្សប្រជាជន ពិសេសសមិទ្ធផលសង្គមជាតិ កំពុងមានសព្វថ្ងៃ អាចនឹងរលាយបាត់បង់យ៉ាងងាយបំផុត ប្រសិនបើកម្លាំងយុវជន មានភាពមិនច្បាស់លាស់ ហើយសម្រេចចិត្តខុសឆ្គង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ជោគជ័យ និងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសមិទ្ធផលរបស់សង្គមជាតិ ដែលយើងកំពុងមានសព្វថ្ងៃ អាចនឹងរលាយបាត់បង់យ៉ាងងាយបំផុត ប្រសិនបើកម្លាំងយុវជនដែលជាចលករយ៉ាងមុតស្រួច និងមានបរិមាណដ៏ច្រើនក្នុងសង្គមប្រជាធិបតេយ្យ មានភាពមិនច្បាស់លាស់ ហើយធ្វើការសម្រេចចិត្តខុសឆ្គង ដោយចូលរួមធ្វើសកម្មភាពប្រាសចាកពីគោលការណ៍ច្បាប់ ដែលបង្កជាចលាចលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ។
ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ដូច្នេះ ក្នុងនាមជាយុវជនដែលជាកម្លាំងស្នូលពោរពេញដោយថាមភាព និងសក្តានុពលសម្រាប់បន្តវេន ជាពិសេសក្នុងនាមជាសកម្មជនបក្សដែលទទួលបានទំនុកចិត្តពីបក្ស យើងត្រូវប្តេជ្ញាបន្តថែរក្សាសមិទ្ធផលសព្វថ្ងៃ ឱ្យបានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយៗទៀត ហើយចំពោះមុខនេះ គឺការចូលរួមការពារប្រៀបឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានថា គោលនយោបាយជាយុទ្ធសាស្ត្រក្នុងការពារសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គឺនឹងត្រូវបានអនុវត្តបន្តទៅមុខ ជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនយើង ៕
