ឯកឧត្ដមរដ្ឋលេខាធិការ ប៉ែន សុវិជាតិ ៖ កិច្ចព្រមព្រៀង RCEP ជួយបង្កើនការនាំចេញរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP បានជួយបង្កើនការនាំចេញរបស់កម្ពុជា និងពាណិជ្ជកម្មពិភពលោកក្នុងការរួមចំណែកមួយ សម្រាប់ការនាំចេញ និងនាំចូល នៃបណ្ដាប្រទេស RCEP។
ឯកឧត្ដម ប៉ែន សុវិជាតិ បានបន្តថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៣នេះ កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់តំបន់ RCEP មានចំនួន ២ ៨៩២លានដុល្លារ កើនឡើង១៦ភាគរយ ខណៈការនាំចូលមានចំនួន ៦ ៩៣១លានដុល្លារ ថយចុះ១៦ភាគរយ។
ឯកឧត្ដម ប៉ែន សុវិជាតិ បានបញ្ជាក់ថា «អត្ថប្រយោជន៍ ដែល RCEP បានផ្ដល់មកកម្ពុជា គឺមានទំហំធំធេងណាស់ សម្រាប់ការនាំចេញរបស់កម្ពុជា ក៏ដូចជាការបង្កើនពាណិជ្ជកម្មពិភពលោក ដែលជាការរួមចំណែកមួយ សម្រាប់ការនាំចេញ និងនាំចូល នៃបណ្ដាប្រទេស RCEP»។
ឯកឧត្ដមបន្ថែមថា ក្នុងឆ្នាំ២០២២ RCEP បានផ្ដល់ឲ្យកម្ពុជា នូវសារៈសំខាន់ ដែលជាការកត់សម្គាល់ នៅក្នុងពេញមួយឆ្នាំ២០២២ គឺមានកំណើន បើគិតអំពីទំហំពាណិជ្ជកម្ម ជាមួយនឹងប្រទេស RCEP មានចំនួន ៣១,០៣១លានដុល្លារ កើនឡើង៤% និងការនាំចេញ មានចំនួន ៦,៣៤៤លានដុល្លារ កើនឡើង៧%។
ឯកឧត្ដម ប៉ែន សុវិជាតិ បានលើកឡើងថា កិច្ចព្រមព្រៀង RCEP បានជួយចូលរួមចំណែកច្រើន នៅក្នុងការជំរុញកំណើន នៃការធ្វើធុរកិច្ចរបស់កម្ពុជា ជាមួយនឹងប្រទេស RCEP លើសពីនេះទៀត ក៏រួមចំណែកច្រើន នៅក្នុងការបង្កើន ការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយនឹងពិភពលោក ៕
