បណ្ឌិត ហ៊ុន ម៉ាណែត៖ សាសនាមានសារៈសំខាន់ណាស់នៅក្នុងការអប់រំ ជាពិសេសសម្រាប់ការរស់នៅជាប្រចាំរបស់យើង

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាសនាមានសារៈសំខាន់ណាស់នៅក្នុងការអប់រំ ជាពិសេសសម្រាប់ការរស់នៅជាប្រចាំរបស់យើង ហើយការណ៍ដែលរក្សាបាននូវសុខដុមនីយកម្មសាសនា គឺកើតពីការរួបរួមគ្នារបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងផ្នែកអាណាចក្រ ពុទ្ធចក្រ និងគ្រប់សាសនាទាំងអស់។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងពិធីសម្ពោធវិហារអាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលក្នុងថ្ងៃនេះ សម្រាប់សាសនិកឥស្លាមទាំងអស់ រួមមាន វិហារដ៏ធំ និងសមិទ្ធផលនានាជាច្រើន ជាពិសេសផ្លូវជាតិលេខ ៥ ដែលជាហេដ្ឋារចនាសម្ព័ន្ធបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងគ្រប់សាសនា។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ប្រទេសកម្ពុជាយើងមិនមានសង្គ្រាម គឺដោយសារគ្រប់សាសនានៅកម្ពុជាមានជោគវាសនាតែមួយរួមគ្នា។ នៅពេលមានទុក្ខ ដូចជាពេលធ្លាក់ក្នុងភ្លើងសង្គ្រាម គឺគ្រប់សាសនាទាំងអស់ក៏រងការបំផ្លាញ ហើយលំបាកវេទនា និងមានការបិទសិទ្ធិសេរីភាពដូចគ្នា។ ហើយនៅពេលមានសុខ គ្រប់សាសនាទាំងអស់ក៏បានរស់ឡើងវិញពីសង្គ្រាម និងទទួលបានសិទ្ធិសេរីភាពដូចគ្នា និងរស់នៅក្រោមដំបូលសុខសន្តិភាពសន្តិភាពដូចគ្នា ៕
