នាយករដ្ឋមន្ត្រី៖ ឆ្នាំ២០២៣នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានទេសចរបរទេសមកកាន់កម្ពុជាយើងក្នុងរង្វង់៤លាននាក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានទេសចរបរទេសមកកាន់កម្ពុជាយើងក្នុងរង្វង់៤លាននាក់ ហើយតាមរយៈកំណើននេះ ការផ្ដល់សេវាកម្មលើផ្នែកបដិសណ្ឋារកិច្ចនឹងមានកំណើនកើនឡើងផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅរោងចក្រ Wing Star Shoe ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ មានប្រសាសន៍បន្តថា ដូច្នេះកម្ពុជាចាំបាច់ត្រូវពង្រឹងភាពធន់ក្នុងការផ្ដល់សេវានានាលើផ្នែកបដិសណ្ឋារកិច្ចនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវរៀបចំផ្សព្វផ្សាយបន្តអំពីការជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ដោយត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាក៣ថ្ងៃ (២២-២៣-២៤ កក្កដា ២០២៣) ដើម្បីទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ដោយទទួលបានប្រាក់ខែដដែល ៕
