នាយករដ្ឋមន្ត្រី៖ ផ្តើមចេញពីការឈឺចាប់ នៃការបាត់បង់កូន នាំឲ្យខ្ញុំគិតគូរខ្ពស់ដល់កម្មការិនីមានផ្ទៃពោះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់ក្នុ ងជីវិតនៃការបាត់បង់កូន នាំឱ្យសម្តេចគិតគូរខ្ពស់ដល់កម្មការិនីមានផ្ទៃពោះ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង នាថ្ងៃទី៣ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ប្រពន្ធរលូត ស្ត្រីរលូតកូន ស្ត្រីនោះមានការសោកស្តាយ និងឈឺចាប់ប៉ុណ្ណា? ឪពុក ដែលជាប្តី ស្ត្រីរលូតកូននោះ ឈឺចាប់ប៉ុណ្ណា រឿងនេះ ខ្ញុំធ្លាប់បានជួបប្រទះខ្លួនឯង។ ជួបប្រទះលើកទី១ កូនស្លាប់ នៅនឹងមុខ សុំគេយកកូនទៅកប់ ក៏គេមិនឱ្យ សុំគេមកតែទាំងភរិយាដែលទើបឆ្លងទន្លេក៏គេមិនឱ្យ តើយើងឈឺចាប់ប៉ុណ្ណា?»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា «នៅភ្នំពេញសម័យនោះអត់មានទឹកប្រើប្រាស់នោះទេ ក្មួយៗ ចៅៗទាំងឡើយ ព្រលឹមឡើងក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ត្រូវទៅដងទឹកពីមាត់ទន្លេមេគង្គ អូសទឹកយកមក ថ្ងៃមួយប្រញាប់ទៅប្រជុំ ក៏ទៅប្រជុំ អ៊ឹចឹងប្រពន្ធខ្វះទឹកប្រើប្រាស់ក្នុងបន្ទប់ទឹក គាត់ក៏ទៅយួរទឹកមក បានកើតរឿងរលូតកូន អ៊ឹចឹងពូយល់ណាស់ពីបញ្ហាទាំងនេះ អ្នកខ្លះគិតថារឿងនេះ កំប៉េកកំប៉ុក ក៏ប៉ុន្តែសម្រាប់អត់កំប៉េកកំប៉ុកទេ» ។
សម្តេចតេជោ សង្កត់ធ្ងន់ថា «រឿងទាំងអស់ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ប្រជាជនកុំចាត់ទុកថាជារឿងតូចតាច ត្រូវចាត់ទុកថារឿងនោះជារឿងដែលយើងត្រូវដោះស្រាយ ហើយខ្ញុំមានមោទនភាពជាមួយនឹងអ្វីដែលយើងបានដោះស្រាយមុនពេលមកជួប និងក្រោយពេលមកជួបកម្មករ កម្មការិនី ៕
