លោក Keisuke Honda ប្រកាសបិទក្លិបសូលទីឡូអង្គរ

ភ្នំពេញ៖ លោក Keisuke Honda បានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការក្លិបបាល់ទាត់សូលទីឡូអង្គរ (Soltilo Angkor FC) ដែលមានមូលដ្ឋាននៅសៀមរាប ក្រោយដំណើរការចាប់តាំងពីឆ្នាំ២០១៧មក។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ លោក Keisuke Honda បានលើកឡើងយ៉ាងដូច្នេះថា “ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ២០១៧។
ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។
សូមសំណាងល្អកម្ពុជា”។
សូមរំលឹកថា សូលទីឡូអង្គរ បង្ហាញខ្លួនដំបូងនៅក្របខណ្ឌ Cambodian Second League នាឆ្នាំ២០១៧ ដោយបានកៅអីឡើងមកក្របខណ្ឌកំពូល ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ៤។ រដូវកាលឆ្នាំ២០១៨ នៅក្របខណ្ឌកំពូល Cambodian League សូលទីឡូ ដែលដឹកនាំដោយគ្រូបង្វឹកជប៉ុន Yuki Matsuda បានចំណាត់ថ្នាក់លេខ១០ក្នុងចំណោម១២ក្រុមផងដែរ៕
