ឯកឧត្តម គួច ចំរើន៖ រាជរដ្ឋាភិបាលជម្រុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់ ដើម្បីកាត់បន្ថយការទំនាស់

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់លោកប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី បានឱ្យដឹងថា ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃកាវិនិច្ឆ័យស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ គិតចាប់ពីថ្ងៃ៣១ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ សម្រេចវាស់វែង គូសក្បាលដីសរុបចំនួន ១៧៦៣ក្បាលដី (ក្បាលដីដែលគ្មានទិន្នន័យ ៣១១ក្បាលដី) បានកាត់ចំណីផ្លូវ អូរ ប្រឡាយរួចរាល់ តាមការប្រជុំសម្រេចរបស់គណៈកម្មការរដ្ឋបាល។ ការបិទផ្សាយ ដើម្បីធានាថា ទិន្នន័យមានភាពត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស លក្ខណៈច្បាប់ ទុកឱកាសឱ្យអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធអាចធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ជំទាស់តវ៉ា លើទិន្នន័យដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានអបអរសាទរការបិទ ផ្សាយទិន្នន័យនៅភូមិឬទ្ធី២នាពេលនេះ ដំណើរការកំណត់តំបន់វិនិច្ឆ័យ មកដល់ពេលនេះជាង ៣ឆ្នាំ នេះជាតំណាក់កាលទី៣ នៃការបិទផ្សាយមានរយៈពេល ១៥ថ្ងៃ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការកែតម្រូវតាមឯកសារយោង សូមអ្នកមានការពាក់ព័ន្ធចូលរួមបំពេញឯកសារ ផ្តិតមេដាយព្រំឱ្យបានគ្រប់គ្នា។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ភូមិឬទ្ធី២ ការយឺតយ៉ាវ នៃការប្រជុំបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃកាវិនិច្ឆ័យដោយសារមានបញ្ហាពីរ ទី១.ទាក់ទងការចុះបញ្ជី ដោយសារកូវីដ-១៩ ទី២.ប្រជាពលរដ្ឋមានការប្តឹងជំទាស់ច្រើនមករដ្ឋបាលខេត្តព្រះសីហនុ ហើយពេលនេះអ្នកអត់មានបណ្តឹងយើងនឹងចេញបណ្ណជូនពួកកាត់ ដូច្នេះត្រូវខិតខំសម្របសម្រួលគ្នាដោះស្រាយទំនាស់ឱ្យបានលឿនឆាប់តាមអ្វីធ្វើបាន។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា រដ្ឋបានធ្វើការបែងចែកដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឆ្នាំ១៩៨៩ ហើយចាប់ពីឆ្នាំ២០០២ រដ្ឋាភិបាល បានរៀបចំច្បាប់ភូមិបាលក្នុងការគ្រប់គ្រងដីធ្លី មិនអនុញ្ញាតិឱ្យមានការទន្ទ្រានដីរដ្ឋអនាធិបតេយ្យបន្តទៀតទេ អ្នកចាប់ ឬទន្ទ្រានដីធ្លីរបស់រដ្ឋត្រូវមានទោស។ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជម្រុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់ ដើម្បីកាត់បន្ថយការទំនាស់ ព្រមទាំងបង្កភាពងាយស្រួលដល់បងប្អូនជាម្ចាស់ក្បាលដី អាចយកបណ្ណដាក់បញ្ចាំ ឬអំណោយទៅកូន ចៅស្របតាមច្បាប់។ ខេត្តព្រះសីហនុ ក៏កំពុងជម្រុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់នៅឆ្នាំ២០២៣នេះ ដែលបច្ចុប្បន្នយើងធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ៩៧ភូមិ ក្នុងចំណោមភូមិទាំង ១១១ នៅក្នុងខេត្តព្រះសីហនុ។
សង្ឃឹមថា បងប្អូនភូមិឬទ្ធី២ បន្តការយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ កែតម្រូវទិន្នន័យបានលឿនឆាប់ និងការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី និងរួមគ្នាខិតខំរកស៊ីទទួលទានមានបាន ទទួលបានបណ្ណកម្មសិទ្ធនាពេលខាងមុខ ៕
