ឯកឧត្តម ស សុខា៖ សារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។
ឯកឧត្តម ស សុខា មានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និងនិវត្តជន អាចារ្យ គណៈកម្មាការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធចំនួន ៣,០៩៧នាក់ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នាឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានបញ្ជាក់ជូនអង្គពិធីក្នុងស្រុកស្វាយអន្ទរ អំពីសភាពការណ៍សាកលដែលមានការប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជាជំងឺឆ្លងកូវីដ-១៩ដែលនៅតែមិនទាន់បញ្ចប់ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ វិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ និងបទល្មើសមិនប្រពៃណីជាអន្តរជាតិផ្សេងៗទៀត។ ឯកឧត្តមបន្តថាសម្រាប់កម្ពុជាទន្ទឹមនឹងការប្រឈមបញ្ហាសាកលនេះដូចបានបញ្ជាក់មកនេះ ក្រុមប្រឆាំងជ្រុលនិយម ក៏នៅតែមិនបោះបង់ផែនការបំផ្លាញសុខសន្តិភាព និងស្ថេរភាពសង្គមនោះដែរ។
ឯកឧត្តម ស សុខា ក៏បានបន្តមានប្រសាសន៍គូសបញ្ជាក់ជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។
ជាចុងបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្តម ស សុខា ក៏បានផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ ៕
