បណ្ឌិត ហ៊ុន ម៉ាណែត៖ យើងទាំងអស់គ្នាចងចាំជានិច្ចនូវគុណបំណាច់នៃពលិកម្មដ៏ធំធេងរបស់យុវជនជំនាន់មុន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងទាំងអស់គ្នាចងចាំជានិច្ចនូវគុណបំណាច់នៃពលិកម្មដ៏ធំធេងរបស់យុវជនជំនាន់មុន ហើយប្តេជ្ញាបន្តស្មារតី និងសកម្មភាពដ៏ពិសិដ្ឋនេះជារៀងដរាប។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ដូច្នេះក្នុងនាមជាយុវជនដែលកំពុងរស់ក្នុងសម័យតេជោសន្តិភាព, យើងទាំងអស់គ្នាចាំបាច់ត្រូវមើលគំរូវីរភាពរបស់យុវជនជំនាន់មុន ដោយផ្សារភ្ជាប់នឹងតថភាពបច្ចុប្បន្ន និងគោលដៅទៅអនាគត និងមិនភ្លេចសោះឡើយនូវអតីតកាលដ៏សែនជូរចត់វេទនាដោយសារ សង្គ្រាម និងជម្លោះបែកបាក់ ៕

