ជប៉ុន បង្កើនទណ្ឌកម្មរុស្ស៊ី និងថ្កោលទោសការដាក់ពង្រាយនុយក្លេអ៊ែរនៅបេឡារុស្ស

បរទេស៖ ប្រទេសជប៉ុននឹងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមទាំងប្រាំពីរ (G៧) ដែលប្រទេសធ្វើជាម្ចាស់ផ្ទះកាលពីសប្តាហ៍មុនបានយល់ព្រមបង្កើនវិធានការដើម្បីដាក់ទណ្ឌកម្មលើការឈ្លានពានរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់ប្រមុខខុទ្ទកាល័យលោក Hirokazu Matsuno កាលពីថ្ងៃសុក្រ។
លោក Hirokazu Matsuno អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ទីក្រុងតូក្យូក៏បានថ្កោលទោសចំពោះចំណាត់ការរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្សដោយបញ្ជាក់ថាវានឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងជុំវិញការឈ្លានពានអ៊ុយក្រែន។
លោក Hirokazu Matsuno បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា ក្នុងនាមជាប្រទេសតែមួយគត់ដែលបានទទួលរងការទម្លាក់គ្រាប់បែកបរមាណូក្នុងអំឡុងពេលសង្រ្គាម ប្រទេសជប៉ុនមិនដែលទទួលយកការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ីឡើយ។
មេដឹកនាំនៃបណ្តាប្រទេស G៧ រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី និងកាណាដា កាលពីសប្តាហ៍មុនបានបង្ហាញការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគាំទ្រអ៊ុយក្រែនជាមួយនឹងជំនួយយោធាបន្ថែម និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំដែលធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលជាប្រទេសបរមាណូដំបូងគេរបស់ពិភពលោក។
នៅក្នុងសកម្មភាពសម្របសម្រួលជាមួយ G៧ ប្រទេសជប៉ុននឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមចំនួន ៧៨ និងបុគ្គលចំនួន ១៧ នាក់ រួមទាំងមន្រ្តីយោធានៅក្នុងប្រទេសរុស្ស៊ី និងហាមឃាត់ការនាំចេញទៅកាន់អង្គភាពចំនួន ៨០ របស់រុស្ស៊ី ដូចជាមន្ទីរពិសោធន៍ស្រាវជ្រាវពាក់ព័ន្ធនឹងយោធា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាលពីថ្ងៃសុក្រ។
សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសជប៉ុនក៏នឹងហាមឃាត់ការផ្តល់សេវាសំណង់ និងវិស្វកម្មដល់ប្រទេសរុស្ស៊ីផងដែរ ទោះបីជាព័ត៌មានលម្អិតនៃវិធានការនេះនឹងត្រូវបានប្រកាសនៅពេលក្រោយក៏ដោយ។
ប្រភព៖ Japen Times
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]
