សម្តេចតេជោ ហ៊ុន សែន ប្រកាស block តេឡេក្រាម ជនណាដែលពូកែនាំរឿងមកឲ្យសម្តេច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាស block ចោលនូវតេឡេក្រាមជនណា ដែលពូកែនាំរឿងមកឲ្យសម្តេច ព្រោះសម្តេចមានរឿង ច្រើនណាស់ដែលត្រូវដោះស្រាយ ។
ក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អ្នកខ្លះអេដ (add ) ចូលក្នុងតេលេក្រាមរបស់ខ្ញុំ ហើយនាំរឿងមក ខ្ញុំសុំលុបចោលហើយ ម្សិលមិញលុបចោលមួយ បើសិនជាអេដចូលមកជាមួយខ្ញុំ ខ្ញុំមិនអនុញ្ញាតឱ្យអេដទេ ក៏ប៉ុន្តែអ្នកខ្លះដែលបានអេដហើយ សុំកុំនាំរឿងមកឱ្យខ្ញុំ ខ្ញុំមានការច្រើនណាស់ ឥលូវគឺម្នាក់ដែលខ្ញុំលុបចោលពីម្សិលពេលដែលខ្ញុំទទួលភ្ញៀវ កំពុងតែដើរចូលទៅធម្មតាខ្ញុំឆេកមើលទោះបីជាខ្ញុំដើរទៅកាន់ការិយាល័យ ឃើញផ្ញើមកទៀត អានេះជំនួញដីធ្លីតែម្តង តិចវាយករឿងនេះ តិចវាយករឿងនោះ ក្នុងពេលអាជ្ញាធរគេដោះស្រាយ ហើយនាយករដ្ឋមន្ត្រីទៅដោះស្រាយអញ្ចឹង ចឹងសូមប្រកាសឱ្យហើយ សុំទោសទុកជាមុន ខ្ញុំនឹងប្លក់ (block) ចោល ចំពោះអ្នកណាដែលចូលមកជាមួយយើង ហើយនាំរឿងមកឱ្យយើង» ៕
