គ្រោះមហន្តរាយពីបាតុភូតធម្មជាតិទាំងប៉ុន្មាននៅលើសកលលោក សុទ្ធសឹងបណ្ដាលមកពីសកម្មភាពរបស់មនុស្សធ្វើឲ្យប៉ះពាល់ទៅលើបរិស្ថាន

បន្ទាយមានជ័យ៖ ព្រៃឈើជារោងចក្រផលិតឧស្ម័នអុកស៊ីហ៊្សែនកាត់បន្ថយឧស្ម័នកាបូនិចសម្រាប់ទ្រទ្រង់ជីវិតមនុស្សសត្វមានព្រៃឈើមានភ្លៀងមានកសិកម្មមានសេដ្ឋកិច្ចជីវភាពធូរធារមានសុខភាពល្អប្រសើរក្នុងការរស់នៅ។
នេះគឺជាប្រសាសន៍លើកឡើង លោកប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥មិថុនា ២០២៣ ក្រោមប្រធានបទ«ស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» ដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តបានប្រារព្ធធ្វើនៅបរិវេណសាលាវិទ្យាល័យជុបវារី ក្នុងស្រុកព្រះនេត្រព្រះនៅព្រឹកថ្ងៃទី ២៣ ខែឧសភាឆ្នាំ២០២៣។
លោក ឱម ចន្រ្តា អនុប្រធានមន្ទីរបរិស្ថានខេត្តនិងលោកប្រាក់ ប៉ូលីអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ កម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើការលើកកម្ពស់សុខភាពសាធារណៈកិច្ចគាំពារបរិស្ថានការអភិរក្សជីវៈចម្រុះការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនិងការបំផុសចលនាប្រជាពលរដ្ឋព្រះសង្ឃកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការគ្រប់ជាន់ថ្នាក់សិស្ស និស្សិតគ្រឹះស្ថានសិក្សាពិសេសឯកជនសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ឲ្យចូលរួម ស្មារតីនិងសម្ភារៈក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិនិងកែលម្អគុណភាពសោភណភាពទីក្រុងទីប្រជុំជនជនបទភូមិឋានវត្តអារាមសាលារៀនមន្ទីរពេទ្យរោងចក្រសហគ្រាសទីផ្សារនិងមជ្ឈមណ្ឌលសេដ្ឋកិច្ច។
លោកអភិបាលរងខេត្តបន្តថា ប្រទេសជាច្រើននៅលើពិភពលោកទទួលរងនូវ អន្តរាយយ៉ាងធ្ងន់ធ្ងរ ពីបាតុភូតនៃធម្មជាតិដូចជាខ្យល់ព្យុះ ទឹកជំនន់ ភ្លើងឆេះព្រៃ បន្ទុះភ្នំភ្លើង រញ្ជួយដី ទុរភិក្ស អត់ឃ្លានជាដើម ដែលកត្តាទាំងនេះបានបណ្ដាលឲ្យមនុស្សរាប់លាននាក់បានបាត់បង់ជីវិតនិងខ្វះទីជម្រករស់នៅ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជាក៏ធ្លាប់បានទទួលរងគ្រោះមហន្តរាយពីធម្មជាតិ ប៉ុន្តែមិនធ្ងន់ធ្ងរដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ចំណែកខ្យល់ព្យុះក៏មានទទួលឥទ្ធិពលពីប្រទេសគេតែប៉ុណ្ណោះ ។ គ្រោះមហន្តរាយពីបាតុភូតធម្មជាតិទាំងប៉ុន្មាននៅលើសកលលោកសុទ្ធសឹងបណ្ដាលមកពីសកម្មភាពរបស់មនុស្សធ្វើឲ្យប៉ះពាល់ទៅលើបរិស្ថានធម្មជាតិនិងបរិស្ថានសង្គមវប្បធម៌បច្ចុប្បន្នមានការប្រែប្រួលអាកាសធាតុ រហូតធ្វើឲ្យទឹកកកក្នុងទីវាលស៊ីបេរី រលាយជារៀងរាល់ថ្ងៃពិភពលោកមានការព្រួយបារម្ភចំពោះ គ្រោះមហន្តរាយដែលនឹងកើតមានឡើងនៅអនាគត ៕
