ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ សរុបចំនួន២៤៥០នាក់ ក្នុងស្រុកពាមរក៍

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង នារសៀលថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ សរុបចំនួន២៤៥០នាក់ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ បានថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកពាមរក៍ ដែលខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេច បានសមិទ្ធផលនានាជាច្រើន ធ្វើឱ្យស្រុកមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ចូលរួមអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបង្ហាញការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ អតីតយុទ្ធជន និងនិវត្តជនទាំងអស់ក្នុងស្រុកពាមរក៍ ដែលបានតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ថាថ្នាក់ដឹកនាំជាតិ ក៏ដូចជាយុវជនជំនាន់ក្រោយ បានកត់ត្រាក្នុងបេះដូង និងចងចាំ ទុកជាប្រវត្តិសាស្ត្រនូវគុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ជំនាន់ រួមទាំងស្រុកពាមរក៍ ក្នុងការរួមចំណែកដើម្បីបុព្វហេតុជាតិ និងប្រជាជន។
ឯកឧត្តម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងវិធានការ នានាដោយមានការគាំទ្រ និងការចូលរួមពីមន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាពល ក្នុងនោះរួមទាំងក្នុងស្រុកពាមរក៍ ធ្វើឱ្យប្រទេសជាតិអាចជម្នះបាននូវបញ្ហាប្រឈមនានាជាសាកល រួមទាំងជំងឺកូវីដ-១៩ ព្រមទាំងទប់ស្កាត់បាននូវរាល់ឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម រក្សាបានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តម ស សុខា បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលរយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ និងទិសដៅការងារដែលត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នា សម្រេចឱ្យបានក្នុងឆ្នាំ២០២៣ និងសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ព្រមទាំងបង្ហាញសុទិដ្ឋិនិយម ថាតាមរយៈការគាំទ្រ ការចូលរួមរបស់ប្រជាពលរដ្ឋ និងការប្តេជ្ញាចិត្តខិតខំបំពេញកិច្ចការងាររបស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។
នាឱកាសនោះដែរ ឯកឧត្តម ស សុខា បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយជូននិវត្តជន យោធិន មន្ត្រីរាជការស៊ីវិល និងកងកម្លាំងមួយចំនួនក្នុងស្រុកពាមរក៍ ដែលមានស្នាដៃរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន ព្រមទាំងស្នាដៃបំពេញភារកិច្ចរួមចំណែកកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានផ្ដល់អំណោយថវិការបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់អង្គពិធីផងដែរ ៕
