ឯកឧត្តម ហ៊ុន ម៉ាណែត៖ ក្រោយថ្ងៃរំដោះ ៧ មករា វិស័យសាសនាបានចាប់ផ្តើម រស់រានឡើងវិញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យសាសនាបានចាប់ផ្តើមរស់រានឡើងវិញ ហើយវត្តនេះក៏ត្រូវបានរៀបចំដំណើរការ និងបើកឡើងវិញនៅក្នុងឆ្នាំ១៩៨០ បន្ទាប់ពីត្រូវបានពួកប៉ុលពត ប្រើប្រាស់ជាឃ្លាំងអំបិល និងរោងសិប្បកម្មកាត់ដេរ ។
ក្នុងឰកាសតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី១៨ ខែឧសភា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពចំពោះការអភិវឌ្ឍរីកចម្រើនជារួមរបស់ខេត្តព្រៃវែងទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយក៏សូមចូលរួមអនុមោទនាត្រេកអរចំពោះសមិទ្ធផលថ្មីៗក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ដែលមានប្រវត្តិកកើតតាំងពីក្នុងសម័យសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៨ ដែលដិតដាមដោយការចងចាំ និងឆ្លងកាត់ការលំបាកជាច្រើនសម័យកាល ក្រោមរបបនៃការដឹកនាំរបស់រដ្ឋាភិបាលពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសដំណាក់កាលនៃរបបប៉ុលពត ដែលបានកំណត់គោលនយោបាយលុបបំបាត់សាសនា រើសអើងវណ្ណៈ និងឈានទៅកាប់សម្លាប់រង្គាលប្រជាជនខ្មែរខ្លួនឯង និយាយជារួម និងនិយាយដោយឡែកវត្តពោធិដ្ឋាន ក៏បានរងការបំផ្លាញស្ទើរទាំងស្រុង ៕

