សម្តេចតេជោ៖ ខ្ញុំសម្រេចចិត្តត្រូវ ដែលមិនឲ្យយកលុយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លុយអាចចាយអស់ តែកេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិចាយមិនអស់ទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តរបស់សម្តេចដែលមិនឱ្យយកលុយក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះលុយអាចចាយអស់ តែកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ជាតិគឺចាយមិនអស់ឡើយ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃទី១៨ ឧសភា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំគិតថាខ្ញុំសម្រេចចិត្តត្រូវ សម្រេចចិត្តត្រូវត្រង់ថាយើងធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវ ហើយដោយក្នុងនោះចាប់ផ្តើមយកគំនិតផ្តួចផ្តើមស្តីពីសមាហរណកម្មអាស៊ានមួយផ្នែកចូលមក តាមរយៈនៃការមិនបង់ថ្លៃ លុយអាចចាយអស់ ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិចាយមិនអស់ទេ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ក្នុងឋានៈជាសមាជិកអាស៊ាន ជាមេដឹកនាំនៃប្រទេសអាស៊ានមួយ គឺត្រូវមានគំនិតផ្តួចផ្តើមលើបញ្ហាផ្សេងៗ ក្នុងនោះក៏មានគំនិតផ្តួចផ្តើមទាក់ទងនឹងវិស័យកីឡា ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានធ្វើសកម្មភាពមុនដើម្បីជាការពង្រឹងនូវសាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ាន។
សម្តេចតេជោ បានបន្ថែមថា កម្ពុជាបានចាយថវិកាថែមតែ ៧លានដុល្លារតែប៉ុណ្ណោះ សម្រាប់ចំណាយលើការស្នាក់នៅរបស់កីឡាករ កីឡាការិនី និងការទទួលទានផ្សេងៗ តែកម្ពុជាបានមកវិញនូវការរាប់អានមិត្តភក្តិ ក្នុងចំណោមអាស៊ាន ៕
