សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសមួយ ដែលបរទេសចូលចិត្ត បញ្ជូនមនុស្សមកដកស្រង់បទពិសោធន៍ និងសិក្សាពីភាពជោគជ័យ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាជាប្រទេសមួយ ដែលបរទេសចូលចិត្តបញ្ជូនមនុស្សមកដកស្រង់បទពិសោធន៍ និងសិក្សាពីភាពជោគជ័យ មិនថាតែវិស័យសុខាភិបាលប៉ុណ្ណោះទេ វិស័យផ្សេងទៀតក៏មកសិក្សាស្វែងយល់ផងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ នៅពេលឃើញមានបរទេស បានមកសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ជោគជ័យរបស់កម្ពុជា ទោះបីតាមរយៈអង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នហិរញ្ញវត្ថុនានាក្តី។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតពេទ្យជាង១ពាន់នាក់ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជាទូទៅប្រទេសរបស់យើង គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលគេបញ្ចូនមនុស្សមកដកពិសោធន៍ មិនមែនគ្រាន់តែក្នុងវិស័យសុខាភិបាលទេ នៅមានវិស័យច្រើនទៀត តាមរយៈអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ មកសិក្សាអំពីយើង ។ យើងរីករាយជាមួយនឹងការដែលគេមកសិក្សា អំពីជោគជ័យរបស់យើង»។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាពជាមួយការឈានឡើង លើវិស័យសុខាភិបាលរបស់កម្ពុជា គ្រាដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង។
សម្តេចបានកោតសរសើរ ដល់ក្រសួងសុខាភិបាល សាកលវិទ្យាល័យសុខាភិបាល ក៏ដូចជាសាស្ត្រាចារ្យទាំងអស់ ដែលបានជម្នះការលំបាកបង្កើត បានធនធានមនុស្សក្នុងវិស័យសុខាភិបាល ហើយបើធៀបចំណុចចាប់ផ្តើមរបស់កម្ពុជា ក្រោយរបបខ្មែរក្រហម បច្ចុប្បន្នស្ថានភាពសុខាភិបាលរបស់កម្ពុជា មានភាពល្អប្រសើរច្រើន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រែប្រួលអាកាសធាតុបាននាំមកនូវជំងឺថ្មីៗជាច្រើន ដែលទាមទារឱ្យមានការអភិវឌ្ឍ សមត្ថភាពគ្រូពេទ្យ។
សម្តេចតេជោ ហ៊ុន សែន បន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់វិស័យសុខាភិបាល និងវិស័យអប់រំជាអាទិភាពបំផុត។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ការជ្រើសរើសមន្ត្រីថ្មី មានតែក្រសួងសុខាភិបាល និងក្រសួងអប់រំទេ ដែលជ្រើសរើសបន្ថែម ក្នុងចំនួនច្រើនជារៀងរាល់ឆ្នាំ មិនមានកាត់បន្ថយនោះទេ ខុសពីតាមក្រសួងស្ថាប័នផ្សេង៕
