សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់និស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរដល់និស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ នាអំឡុងពេលកម្ពុជាកំពុងប្រឈមនឹងជំងឺរាតត្បាតនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាក្លាយជាកន្លែងសម្រាប់ប្រទេសធំៗ មួយចំនួននៅលើពិភពលោកចុះមកធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តយន្តការសុខាភិបាលដើម្បីលុបបំបាត់ជំងឺមួយចំនួនដោយជោគជ័យ ក្នុងនោះមានដូចជាជំងឺគ្រុនស្វិតដៃជើងជាដើម។ សម្ដេចបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាក៏កំពុងអនុវត្តយន្តការដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជាផងដែរ។
មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់។
សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសុខាភិបាលទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងវិស័យសុខាភិបាលរបស់កម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលក៏បាន វិនិយោគអស់ថវិកាជាច្រើនផងដែរ លើហេដ្ឋារចនាពាក់ព័ន្ធនានាបន្ថែមទៀតលើវិស័យនេះ ដើម្បីផ្ដល់សេវាសុខាភិបាលគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ៕
