ខាត់ណាដើម ខាត់ណាកាត់ ខាត់ណាឈើ ជារុក្ខជាតិ ដែលប្រជាជនខ្មែរយើងនិយមដាំ

ភ្នំពេញ៖ ខាត់ណាដើម ខាត់ណាកាត់ ខាត់ណាឈើ ជារុក្ខជាតិ ដែលប្រជាជនខ្មែរយើងនិយមដាំនៅតាមទីក្រុង ជនបទ ស្រុកស្រែ ចម្ការ ដើម្បីយកធ្វើជាបន្លែ និងអន្លក់។
រុក្ខជាតិនេះ មានដុះនៅតំបន់សមុទ្រ Méditerranée ប្រទេសចិនផ្នែកខាងត្បូង ក្នុងតំបន់ទីក្រុង Canton។
លក្ខណៈរូបសាស្ត្រ ៖ ដើមអាចមានកម្ពស់ដល់ ១ ម គ្មានរោម។ ស្លឹកក្រាស់ លាតត្រដាងធំ ពណ៌បៃតង ក្រមៅ គេមដាច់ៗ ដូចទឹករលក ទងស្លឹកវែង ១៥-៣០ ស.ម។ លើមែកនីមួយៗ មាន ផ្កាដុះ ជាចង្កោម (raceme) ។ ផ្កាពណ៌លឿង ទ្វេភេទ (bisexual) មានត្របកផ្កា ៤ ស្រទាប់ផ្កា៤ កេសរឈ្មោល ៦ កេសរញី២ រួមគ្នា។ ផ្លែស្ងួតវែងជាស៊ីលីត (silique) ដល់ចាស់បែកជា ២ផ្នែក មានគ្រាប់ពណ៌ប្រផេះ។
លក្ខណៈជីវសាស្ត្រ៖ រុក្ខជាតិនេះ អាចមានអាយុច្រើនឆ្នាំ (perennial plant)។
លក្ខណៈអេកូឡូស៊ី៖ រុក្ខជាតិនេះត្រូវការដីសើម និងពន្លឺថ្ងៃ។
ការប្រើប្រាស់៖
-ជាបន្លែ៖ សម្រាប់ធ្វើបន្លែស្ងោរ ឆា អន្លក់ និងជ្រក់។
-ជាឱសថ៖ គេស្គាល់រុក្ខជាតិនេះ យូរមកហើយ ដែលជាប្រភេទមួយ មានលក្ខណៈ សម្បត្តិជួយមនុស្សយើងឱ្យសុខភាពល្អ ដោយសារតែវាសម្បូរទៅដោយអំបិលខនិជ (mineral salts) និងវីតាមីន៕
