ឯកឧត្តម ហ៊ុន ម៉ាណែត៖ ក្នុងដំណើរការ នៃការអភិវឌ្ឍវិស័យឌីជីថល រាជរដ្ឋាភិបាល បានកត់សម្គាល់ ពីតួនាទីយ៉ាងសំខាន់របស់វិស័យឯកជន

ភ្នំពេញ៖ ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ ក្រុមហ៊ុន BYTE DC Solutions នៅរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងដំណើរការនៃការអភិវឌ្ឍវិស័យឌីជីថល, រាជរដ្ឋាភិបាលក៏បានកត់សម្គាល់ផងដែរអំពី
តួនាទីយ៉ាងសំខាន់របស់វិស័យឯកជន។
ឯកឧត្ដមបន្តថា ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានរៀបចំច្បាប់
ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់ការលើកទឹកចិត្ត និងអាទិភាពដល់សកម្មភាពនានាក្នុងវិស័យឌីជីថល និងវិស័យផ្សេងទៀតដែលមានគោលបំណងធ្វើបច្ចុប្បន្នកម្មប្រតិបត្តិការរបស់ខ្លួន តាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងការបូកបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗទៅក្នុងប្រតិបត្តិការអាជីវកម្ម។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា បន្តទៅមុខទៀត រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការប្តេជ្ញាចិត្តរួចមកហើយ ក្នុងការគាំទ្រដល់កិច្ចដំណើរការអភិវឌ្ឍវិស័យឌីជីថល និងការលើកទឹកចិត្តឱ្យរាល់សកម្មភាពសង្គម-សេដ្ឋកិច្ចទាំងអស់ ខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តិកម្មឌីជីថល និងចាប់យកបច្ចេកវិទ្យាឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារសម្រាប់ជាប្រយោជន៍របស់អង្គភាពផ្ទាល់ផង និងសង្គមជាតិផង ដោយរាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងកសាងបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផលសម្រាប់វិស័យឌីជីថលទាំងមូល និងវិស័យផ្សេងទៀតក្នុងការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ៕

