ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីយន្តការដោះស្រាយបណ្ដឹង ពលករទេសន្តរប្រវេសន៍ ដោយផ្តោតលើ វិស័យនេសាទ និងកែច្នៃអាហារសមុទ្រ

ភ្នំពេញ៖ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ក្នុងការអនុវត្តកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្នមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ លោក យឹម សំណាង អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត លោក ទុន សុភ័ណ មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី យន្តការក្នុងការដោះស្រាយបណ្ដឹងពលករទេសន្តរប្រវេសន៍ ដោយផ្ដោតលើវិស័យនេសាទ និងកែច្នៃអាហារសមុទ្រ ក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើង នៅសាលប្រជុំ Talk2 coffee ខេត្តបន្ទាយមានជ័យ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមមកពីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ.) មន្ទីរ អង្គភាពជំនាញថ្នាក់ខេត្ត នឹងក្រុមប្រឹក្សាឃុំ-សង្កាត់ មេប៉ុស្តិ៍គោលដៅទាំង៥ ក្នុងខេត្តបន្ទាយមានជ័យ ចូលរួមក្នុងវគ្គ បណ្តុះបណ្តាលដ៏មានសារៈសំខាន់នាពេលនេះ។
បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ ប្រចាំប្រទេសកម្ពុជា លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៏ថា ៖ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមស្វាគមន៍ គាំទ្រ និងត្រៀមជានិច្ចក្នុងកិច្ចសហការជាមួយអង្គការជាតិ និងអង្គការអន្តរជាតិក្នុងការអនុវត្តកម្មវិធី និង សកម្មភាពនានាទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ សំដៅលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានគតិយុត្តិពាក់ព័ន្ធការធ្វើទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព និងការធ្វើសមាហរណកម្ម រួមទាំងការផ្សព្វផ្សាយអំពី ព័ត៌មានទីផ្សាការងារក្នុងស្រុកដល់ពលករដែលបានវិលត្រឡប់មកវិញផងដែរ។
លោក យឹម សំណាង បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តដឹកនាំ និង សម្របសម្រួលការអនុវត្តនៅថ្នាក់ខេត្តក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗរបស់ពលករឱ្យកាន់តែទទួលបានជោគជ័យ បន្ថែមទៀត ជាពិសេសក្នុងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យស្វែងរកការងារធ្វើនៅក្នុងស្រុក តែបើទៅធ្វើការនៅបរទេសត្រូវតែទៅធ្វើការតាមរយៈប្រព័ន្ធស្របច្បាប់ ដែលហៅថាតាមប្រព័ន្ធ MOU។
ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ក្នុងការអនុវត្តកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍បានថ្លែងថា ៖ វត្តមានរបស់សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលនាពេលនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការការពារពលករទេសន្តរប្រវេសន៍ ឱ្យបានរួចផុតពីការរំលោភបំពាន ការកេងប្រវ័ញ្ចកំលាំងពលកម្ម ឬការឆបោក ក៏ដូចជាការយកចិត្តទុកដាក់លើយន្តការដោះស្រាយបណ្ដឹង រវាងពលករ និង និយោជក ឬជាមួយទីភ្នាក់ងារជ្រើសរើស ជាដើម។
វគ្គបណ្តុះបណ្តាលនេះ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនានាដែលក្រសួងការងារ និងបណ្តុះបណ្តាលវវិជ្ជាជីវៈ បានសហការរៀបចំ ជាមួយអង្គការ ILO ដែលបានកំណត់ធ្វើនៅខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ចំនួន៣ គឺខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង។
ឯកឧត្តមបន្ថែមថា ៖ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងនូវកិច្ចសហការ និងលើកកម្ពស់សមត្ថភាពដៃគូរពាក់ព័ន្ធក្នុងការផ្សព្វផ្សាយ អំពីយន្តការដោះស្រាយទទួលពាក្យបណ្តឹងទាក់ទង់នឹងទេសន្តរប្រវេសន៍ការងារ និងពង្រឹងការអនុវត្តន៍ច្បាប់ គោលនយោបាយ និងបទបញ្ជានានា ឱ្យបានស្របទៅតាមបទដ្ឋានការងារអន្តរជាតិ-តំបន់ និងច្បាប់ ព្រមទាំង បទបញ្ជាជាតិជាធរមានទាក់ទងនឹងទេសន្តរប្រវេសន៍ ការងារដោយសុវត្ថិភាព និងការការពារ និងលើកកម្ពស់សិទ្ធិពលករ ក៏ដូចជាការបង្ការ និងការទប់ស្កាត់ការជួញដូរមនុស្ស ក្រោមរូបភាពផ្សេងៗទៀត៕
