ឯកឧត្តម គង់ សោភ័ណ្ឌ៖ ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់ ព្រោះព្រះពុទ្ធសាសនា បានធ្វើការអប់រំចិត្តរបស់ពុទ្ធបរិស័ទគ្រប់គ្នា ឱ្យចេះសណ្តោសប្រណី អត់ធ្មត់ និងតស៊ូគ្រប់ឧបសគ្គ

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល នារសៀលថ្ងៃសៅរ៍ ២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញក្នុងពិធីសម្ភោធឆ្លងព្រះវិហារ និងស្រោចស្រពសុគន្ធវារី ព្រះសុពលធម្ម ម៉ាន ម៉ៅ ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះវិន័យធរអនុគណស្រុកពញាឭ និងជាព្រះចៅអធិការវត្តដងទង់ និងកាត់ខ្សែរបូសម្ភោធសិទ្ធិផលនានាក្នុងវត្តដងទង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះសមាជិកថេរសភាសង្ឃ នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះវិមលវេទី មេគណខេត្តកណ្តាល និងជាសម្តេចព្រះចៅអធិការវត្តសុវណ្ណវារី (ព្រែកតាទែន) ស្ថិតក្នុងបរិវេណវត្តដងទង់ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់ ពីព្រោះព្រះពុទ្ធសាសនា បានធ្វើការអប់រំចិត្តរបស់ពុទ្ធបរិស័ទគ្រប់គ្នា ឱ្យចេះសណ្តោសប្រណី អត់ធ្មត់ និងតស៊ូគ្រប់ឧបសគ្គ ចេះរួមរស់ជាមួយគ្នាកសាងកុសលផលបុណ្យដើម្បីជាទ្រព្យជាប់ប្រាណនាជាតិខាងមុខ ជាក់ស្ដែងព្រះសង្ឃបានដើរតួនាទីយ៉ាសំខាន់ក្នុងសង្គម ដោយបានចូលរួមយ៉ាងសកម្មក្នុងការអប់រំគុណធម៌ សីលធម៌ ដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន ក្នុងសម័យតេជោសន្តិភាព ៕
